ម៉ិកស៊ិកៈ យ៉ាងហោចណាស់មនុស្ស ៦០ នាក់បានស្លាប់ នៅពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុត បានវាយប្រហារនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ៨ ទសវត្សមកហើយ ដែលវាបានបំផ្លាញសំណង់អគារ និងប្រជាជនជាច្រើន ត្រូវបានជម្លៀសខ្លួនចេញ នៅភាគខាងត្បូងរដ្ឋ Oaxaca និង Chiapas ។ នេះបើយោងតាមសារព័ត៌មាន Channnel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
ហេតុការណ៍រញ្ជួយដីកម្រិត ៨ រ៉ិចទ័រ ដែលបានកើតទ្បើងនៅឆ្នេរសមុទ្រភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ គឺមានឥទ្ធិពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាជាង គ្រោះរញ្ជួយដីក្នុងប្រទេសម៉ិកស៊ិក កាលពីឆ្នាំ ១៩៨៥ ទៅទៀត ដែលវាបានបំផ្លិចបំផ្លាញទីក្រុងម៉ិកស៊ីកូ និងសម្លាប់មនុស្សរាប់ពាន់នាក់។
អភិបាលក្រុងលោក Gloria Sanchez បាននិយាយថា ទីប្រជុំជន Juchitan នៃរដ្ឋ Oaxacan ជាកន្លែងដ៏តូចចង្អៀតបំផុតរបស់ម៉ិកស៊ិក បានទទួលរងនូវគ្រោះមហន្តរាយនេះ ដោយមានផ្នែកនៃសាលទីប្រជុំជន, សណ្ឋាគារ, សាលារៀន, រង្គសាល និងអគារផ្សេងៗទៀត ត្រូវបានកម្ទេចផងដែរ។
គួរបញ្ជាក់ដែរថា រញ្ជួយដីនេះ មានអានុភាពវាយប្រហារក្នុងជម្រៅ ៣៣គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ នៅចម្ងាយ១២៣គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង Pijijiapan នៃរដ្ឋ Chiapas៕
មតិយោបល់