ហ្វីលីពីនៈ ស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីន នៅថ្ងៃចន្ទនេះ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តល់ជំនួយបច្ចេកទេសដល់យោធាហ្វីលីពីន ដោយពេលថ្មីៗនេះ បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក នៅកោះមីនដាណាវ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
តាមសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា «អាមេរិកបានដាក់ពង្រាយប្រព័ន្ធយន្តហោះ គ្មានមនុស្សបើក (UAS) ទៅកាន់កោះមីនដាណាវ សម្រាប់ឃ្លាំមើលបន្ថែម និងដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ពីសំណាក់កងទ័ព ប្រដាប់អាវុធហ្វីលីពីន»។
សូមជំរាបថា បើប្រៀបធៀបទៅនឹងប្រព័ន្ធឃ្លាំមើល បច្ចុប្បន្នដែលត្រូវបានប្រើនៅក្នុងតំបន់នោះ ប្រព័ន្ធថ្មីនេះ មានរយៈពេលហោះហើរយូរជាងមុន ដែលអាចអនុញ្ញាតឲ្យមានការស៊ើបអង្កេត និងឃ្លាំមើលយ៉ាងទូលំទូលាយផងដែរ។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ អាមេរិក បានផ្តល់ជំនួយដល់ហ្វីលីពីននូវទឹកប្រាក់ចំនួន ២៩៥ លានដុល្លារអាមេរិក ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវទំនាក់ទំនង ការបញ្ជា និងការគ្រប់គ្រង កុំព្យូទ័រលើសមត្ថភាពឃ្លាំមើល និងស៊ើបការណ៍សម្ងាត់៕
មតិយោបល់