ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់! ព្រហ្ម ប្រសិទ្ធី ដាក់បណ្ដាសារថៅកែកុន អោយរលាយខែភ្ជុំ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាភាគច្រើនគេសប្បាយក្នុងការបង្ហោះសារជូនពរ និងផ្ញើសារជូនពរក្នុងឱកាសបុណ្យភ្ជុំដើម្បីជូនពរគ្នាទៅវិញទៅមក ជាពិសេសជូនពរដល់ផលិតករ និងរៀមច្បងនោះ លោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ថាជាចៅបង្កើតរបស់តារាជើងចាស់លោកឈុំ អាឈុន និងជាតារាសម្ដែងដែលឡើងក្រេឌីតនៅក្នុងសិល្បៈនោះ បែរជាប្រកាសដាក់បណ្ដាសារដល់បណ្ដាផលិតករទៅវិញ។ យ៉ាងណាមិញលោកដាក់បណ្ដាសារតែក្រុមផលិតករមួយក្រុមដែលលោកបញ្ជាក់ថាមិនព្រមបើកលុយអោយលោកក្រោយពេលថតចប់ច្រើនខែ និងខ្លះចង់ដល់កាន់ឆ្នាំប៉ុណ្ណោះ។

លោក ព្រហ្ម ប្រសិទ្ធី និយាយថាជាការឈឺចាប់ណាស់ដែលលោកប្រឹងថតទាំងយប់ទាំងថ្ងៃ ដោយក្នុងរឿងខ្លះក៏ទទួលថតក្នុងតម្លៃយោគយល់ទៅទៀត ប៉ុន្តែក្រោយពេលថតចប់គឺបណ្ដាផលិតករមួយចំនួនបែរជារកលេសបែបនេះបែបនោះ ហើយមិនអើពើក្នុងការបើកលុយជាញើសឈាមអោយខ្លួន។ លោកថាផលិតករខ្លះបានប្រើយុទ្ធសាស្រ្តថោកទាបយ៉ាងខ្លាំង ដោយមិនបើកលុយអោយលោកហើយ ហើយនៅពេលលោកទារលុយញឹកញាប់ គឺបានទាំងដើរនិយាយប្រាប់គេថាលោកជាតារាពិបាកបែបនេះបែបនោះបង្ខូចឈ្មោះទៅទៀត។

ក្នុងនោះក៍ផលិតករមួយរូប ដែលត្រូវគេស្គាល់ថាពូកែម៉ាងលុយតួឡើងផ្អើលពិភពសិល្បៈ ដែលផលិតកររូបនោះកាលពីមុនក៏ត្រូវលោកចារ រិទ្ធី ប្រកាសថាមិនបើកលុយអោយលោកឡើងដល់មួយឆ្នាំផងដែរ ប៉ុន្តែក្រោយពេលលោក ចារ រិទ្ធី ចេញមុខបកអាក្រាតដោយប្រយោល ក៍ស្ទុះស្ទារផ្ញើលុយអោយភ្លាមៗ។ លោកថាផលិតករទាំងនោះ ជំពាក់លោកច្រើនណាស់ ហើយក៏បង្កការលំបាកអោយលោកច្រើនផងដែរ រហូតដល់ថ្នាក់ដែលលោកមិនអាចបន្តអត់ធ្មត់ទៀតបាន។ ផលិតករដែលជំពាក់លុយលោកមបើសរុបជាទឹកប្រាក់គឺប្រហាក់ប្រហែលនឹង១ម៉ឺនដុល្លារ។

លោកថាជាការឈឺចាប់ដែលលោកខុសចិត្តស៊ីអត់ស៊ីឃ្លាន ហើយទៅថតទាំងក្ដៅមុខក្ដៅមាត់ ប៉ុន្តែចុងក្រោយគឺដល់ខែភ្ជុំខែបុណ្យទានទៅហើយនៅតែមិនអាចបើកលុយជាញើសឈាមនោះបានដើម្បីយកទៅធ្វើបុណ្យជាមួយក្រុមគ្រួសារទៀតបាន។ លោកបានចោទផលិតករដែលធ្វើដាក់លោកទាំងនោះថាជាផលិតករស៊ីញើសឈាមតារាសម្ដែង និងបានប្រកាសដាក់បណ្ដាសារតែម្ដងអោយផលិតករទាំងនោះរលាយក្នុងឱកាសបុណ្យភ្ជុំដើម្បីកុំអោយបន្តធ្វើបាបតារាសិល្បៈផ្សេងទៀត ដែលពឹងលើការសម្ដែង។

លោកថាវិស័យភាពយន្តរបស់ខ្មែរមិនមានការរីកចំរើននោះទេ បើមានផលិតករដែលមានចរឹកបែបនេះ ដោយលោកប្រកាសថាផលិតករទាំងនោះមិនមែនអត់លុយទេ ប៉ុន្តែគឺមានចេតនាមិនបើកអោយតួសឹងតែគ្រប់តួតែម្ដង បើទោះជារឿងភាគទូរទស្សន៍ដែលខ្លួនបានសម្ដែងគឺបញ្ចាំងឡើងចប់មួយត្រលប់ ហើយខាងប៉ុស្ដិ៍ក៍បានដាក់បញ្ចាំងសាងឡើងវិញចង់ចប់ម្ដងទៀតអស់ទៅហើយ៕

មតិយោបល់