ព័ត៌មានអន្តរជាតិ

សកម្មប្រយុទ្ធ ០៣ នាក់ ត្រូវបានបាញ់សម្លាប់យ៉ាងសាហាវ នៅតំបន់ព្រំដែនគ្រប់គ្រងដោយឥណ្ឌា

ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃចន្ទនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធ ០៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់កាំភ្លើងដ៏សាហាវមួយ ដោយកងទ័ពឥណ្ឌា នៅក្បែរខ្សែបន្ទាត់គ្រប់គ្រង (LoC) ជាកន្លែងបែងចែកតំបន់ព្រំដែនកាស្មៀរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមមន្រ្តីកងទ័ពឥណ្ឌា បាននិយាយថា ការបាញ់ប្រហារនេះ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យ ក្នុងតំបន់ព្រៃ នៅភូមិ Kalghe របស់ទីប្រជុំជន Uri ដែលមានចម្ងាយ ១១៧ គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង Srinagar រដ្ឋធានីនៃតំបន់ព្រំដែនកាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

ប្រតិបត្ដិការវាយប្រហារ នៅក្នុងតំបន់នោះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីទាហានឥណ្ឌា ទទួលបានព័ត៌មានជាក់លាក់ អំពីវត្តមាននៃពួកសកម្មប្រយុទ្ធនៅទីតាំងនោះ។

ហេតុការណ៍នេះដែរ ក៏បានបណ្ដាលឲ្យទាហានម្នាក់ និងជនស៊ីវិលជាច្រើននាក់ទៀតរងរបួសផងដែរ ព្រមទាំងលំដ្ឋានពីរខ្នងរងការខូចខាត នៅក្នុងអំទ្បុងពេលប្រយុទ្ធគ្នា៕

មតិយោបល់