Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ថ...

កូរ៉េខាងជើង ថ្កោលទោសការដាក់ទណ្ឌកម្មអាមេរិក ហើយព្រមានថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នឹងមានហានិភ័យ

កូរ៉េ: ក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ បានថ្កោលទោសរដ្ឋបាលអាមេរិក ទាក់ទងនឹងការបង្កើនការដាក់ទណ្ឌកម្ម រួមទាំងការគាបសង្កត់លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន ដោយព្រមានពីការវិលត្រឡប់ ទៅកាន់ស្ថានការណ៍ដូចមុន ហើយអះអាងថា ក្រុងព្យុងយ៉ាង ទំនងជាលែងឲ្យមានការលុបបំបាត់អាវុធខ្លួនជារៀងរហូត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ការឆ្លើយតបយ៉ាងខ្លាំងក្លារបស់កូរ៉េខាងជើង បានកើតឡើងបន្ទាប់ពីអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីកូរ៉េខាងជើង ៣ រូប រួមទាំងជំនួយការកំពូលម្នាក់ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ពីបទរំលោភសិទ្ធិមនុស្ស។

ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គេឃើញថា ហាក់មានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ចាប់តាំងពីលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបប្រជុំគ្នា នៅសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ ក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ។

ដោយភាគីទាំងពីរមិនទាន់បានកំណត់ពេលវេលាចរចា ស្តីពីជំនួបការងាររវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក Kim Yong Chol ទេ បន្ទាប់ពីត្រូវបានលុបចោលយ៉ាងបន្ទាន់ កាលពីខែវិច្ឆិកា។

ទោះបីជាលោក ត្រាំ បានបង្ហាញនូវឆន្ទ: របស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនង ជាមួយកូរ៉េខាងជើងក៏ដោយ ប៉ុន្តែយ៉ាងណាមិញ ក្រុងព្យុងយ៉ាង បានចោទប្រកាន់ថា ក្រសួងការបរទេសអាមេរិក មានចេតនាមិនស្មោះត្រង់ ដែលនាំឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិក ត្រឡប់ទៅស្ថានភាពកាលពីឆ្នាំមុនវិញ៕