ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងលោក គីម ត្រៀមខ្លួនជាស្រេច ដើម្បីជួបគ្នាម្តងទៀត

កូរ៉េ: អស់រយ:ពេល ៦ខែ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ជាមួយលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់មិនបានទទួលជោគជ័យ នៅក្នុងគោលដៅរបស់លោក ដើម្បីឲ្យមេដឹកនាំកូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeer ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

ប៉ុន្តែយ៉ាងណាមិញ មេដឹកនាំទាំងពីរ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មី បានប្រកាសពីឆន្ទ:របស់ពួកគេ ក្នុងការជួបគ្នាម្តងទៀត នៅក្នុងជំនួបកំពូលលើទី២ ប្រហែលជាអាចពិភាក្សាគ្នាអំពីការងារ ដែលនាំទៅរកលទ្ធផលពិតប្រាកដមួយ បើទោះបីជាសកម្មភាពពួកគេមើលទៅខុសប្លែក ពីអ្វីដែលលោក ត្រាំ បានសន្យាដំបូងក៏ដោយ។

នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក គីម បានលើកទ្បើងពីការបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ និងនិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ត្រាំ ម្តងទៀតគ្រប់ពេលវេលា បើទោះជាលោកបានព្រមានថា ក្រុងព្យុងយ៉ាង អាចរកផ្លូវជំនួស ប្រសិនបើអាមេរិក នៅតែបន្តដាក់ទណ្ឌកម្ម និងសម្ពាធលើរបបខ្លួន។

ជាការឆ្លើយតបរបស់ប្រធានាធិបតីអាមេរិក ក៏បានស្វាគមន៍នៅលើប្រព័ន្ធសង្គម Twitter ចំពោះការសន្យារបស់លោក គីម ដែលបានផ្អាកដំណើរសាកល្បង ឬលក់អាវុធនុយក្លេអ៊ែរ ដោយលោក បានបង្ហាញពីត្រៀមខ្លួនរបស់លោក សម្រាប់កិច្ចប្រជុំលើកទីពីរផងដែរ៕

មតិយោបល់