ព័ត៌មានអន្តរជាតិ

តុលាការថៃ នឹងចេញសេចក្ដីសម្រេចលើអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ខណៈគ្មានវត្តមានលោកស្រី

ថៃៈ តុលាការជាន់ខ្ពស់ថៃ នឹងចេញសាលក្រមនៅថ្ងៃពុធទី២៧ ខែកញ្ញានេះ លើអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថាតើលោកស្រី នឹងត្រូវជាប់ទោសឬយ៉ាងណា ខណៈដែលលោកស្រី បានគេចភៀសខ្លួនទៅក្រៅប្រទេស ដោយមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីទីតាំងលាក់ខ្លួន ជាសាធារណៈរបស់លោកស្រីនៅទ្បើយទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

លោកស្រី យីងឡាក់ ដែលជារដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពីឆ្នាំ ២០១៤នោះ នឹងត្រូវប្រឈមមុខជាប់គុករយៈពេល ១០ ឆ្នាំ ពីបទធ្វេសប្រហែសទៅលើគោលនយោបាយទិសស្រូវ​អង្ករ ក្រោមការដឹកនាំរបស់ខ្លួន។

សាលក្រមនេះ ត្រូវបានគេសន្មត់ថា នឹងប្រកាសនៅថ្ងៃទី ២៥ ខែសីហាកន្លងទៅ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារលោកស្រី យីងទ្បាក់ មិនបានចូលទៅបង្ហាញខ្លួននៅតុលាការ ស្របពេលដែលអ្នកគាំទ្រលោកស្រី រាប់ពាន់នាក់ បានធ្វើការប្រមូលផ្តុំគ្នា នៅខាងក្រៅអគារតុលាការ ដើម្បីប្រឆាំងនឹងការប្រកាសសាលក្រមនេះផងដែរ។

សូមជំរាបថា រហូតមកទល់ពេលនេះ ពុំទាន់មានគេដឹងអំពីតម្រុយនៃកន្លែងស្នាក់នៅលោកស្រី យីងទ្បាក់ ជាសាធារណៈនៅទ្បើយទេ ខណៈដែលមានមតិយោបល់ជាច្រើន បានលើកទ្បើងពីការបាត់ខ្លួនរបស់លោកស្រី ប៉ុន្តែក៏មានរបាយការណ៍ព័ត៌មានភាគច្រើន សុទ្ធតែលើកទ្បើងដូចគ្នាផងដែរថា លោកស្រី បានភៀសខ្លួនទៅរស់នៅ ក្នុងទីក្រុងឌូបៃ ជាមួយបងប្រុសខ្លួន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីម្នាក់ ត្រូវបានគេបណ្ដេញចេញពីតំណែង ដោយរដ្ឋប្រហារកាលពីឆ្នាំ ២០០៦៕

មតិយោបល់