ព័ត៌មានអន្តរជាតិ

ចិន នឹងជំនួសតំណែងរុស្ស៊ី ក្នុងការបង្កការគំរាមកំហែង ដ៏មហន្តរាយបំផុត សម្រាប់កងទ័ពអាមេរិក នៅឆ្នាំ ២០២៥ខាងមុខ

អាមេរិកៈ មន្ត្រីយោធាជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធអាមេរិក បានថ្លែងប្រាប់ទៅកាន់សភាជាតិថា ប្រទេសចិននឹងក្លាយជាការគំរាមកំហែងដ៏ធំបំផុត សម្រាប់សហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ ២០២៥ ហើយលោកក៏បានជំរុញឲ្យសភា បង្កើនការចំណាយលើវិស័យយោធា ដើម្បីរក្សាផលប្រយោជន៍ ក្នុងការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង។ ​នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងរបស់ឧត្តមសេនីយ៍លោក ចូសេហ្វ ឌុនហ្វដ (Joseph Dunford) ប្រធានអគ្គសេនាធិការចម្រុះ បានធ្វើទ្បើងកាលពីថ្ងៃអង្គារ នៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាយោធា (SASC) ក្នុងគោលបំណង ដើម្បីផ្តល់សក្ខីកម្មលើមុខវិជ្ជាជាច្រើន ទាក់ទងទៅនឹងសន្ដិសុខជាតិ និងយោធាប្រទេសខ្លួន ដែលជាផ្នែកមួយនៅក្នុងដំណើរការបញ្ជាក់ពីអាណត្តិទី២របស់លោក។

ក្នុងចំណោមការលើកទ្បើងស្តីពីតំបន់ ដែលអាមេរិកកំពុងយកចិត្តទុកដាក់នៅជុំវិញពិភពលោក ក្រៅពីប្រទេអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើង លោក ឌុនហ្វដ បានប្រាប់ SASC ថា លោករំពឹងថា ប្រទេសចិន អាចនឹងក្លាយជាបច្ចាមិត្តរបស់អាមេរិក នាពេលខាងមុខ។

ដោយលោក ឌុនហ្វដ ​បានបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងយោធា ដែលអាចបង្កការគំរាមកំហែងដ៏ធំបំផុត សម្រាប់អាមេរិក គឺមានចំនួនបីប្រទេស ក្នុងនោះរួមមាន រុស្ស៊ី ចិន និងកូរ៉េខាងជើង ខណៈដែលលោក បានអះអាងថា «ផ្អែកតាមប្រជាសាស្រ្ត និងស្ថានភាពសេដ្ឋកិច្ច លោកគិតថា ប្រទេសចិន នឹងបង្កការគំរាមកំហែងដ៏ធំបំផុតចំពោះអាមេរិក នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ »៕

មតិយោបល់