ថៃៈ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្នកំពុងស្ថិតនៅសហព័ន្ធអារ៉ាប់រួម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី យីងឡាក់ កំពុងស្នាក់នៅទីក្រុងឌូបៃ ដោយលោកលើកទ្បើងថា ក្រសួងការបរទេសថៃ បានតាមដានពីកន្លែងលាក់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ។
ក្នុងនោះលោកក៏បានបញ្ជាក់ដែរថា «ឥឡូវនេះ ប៉ូលិសក្នុងប្រទេស ដោយមានកិច្ចសម្របសម្រួល ជាមួយក្រសួងការបរទេស និងប៉ូលិសអន្តរជាតិ កំពុងដំណើរការរឿងមួយនេះ។
សូមជំរាបថា តុលាការកំពូលថៃ បានកាត់ទោស និងផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដោយគ្មានត្តមានឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ កាលពីថ្ងៃពុធ ពីបទធ្វេសប្រហែសលើគម្រោងទិញស្រូវអង្ករ ក្រោមការដឹកនាំរបស់រដ្ឋបាលលោកស្រីផ្ទាល់៕


មតិយោបល់