ព័ត៌មានអន្តរជាតិ

តួកគីចាប់ឃុំខ្លួនមន្រ្តីសាលាក្រុង និងក្រសួង ២៥៤ នាក់ ក្រោមបទចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ

តួកគីៈ រដ្ឋអាជ្ញាតួកគី បានចេញដីកាចាប់ខ្លួនមន្ត្រីសាលាក្រុងអ៊ីស្តង់ប៊ុល រួមនិងមន្រ្តីក្រសួងចំនួន ២៥៤ នាក់ ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងចលនារបស់បុព្វជិតលោក Fethullah Gulen ដែលបានរៀបចំផែនការធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧។

ប្រតិបត្តិការបោសសម្អាតចុងក្រោយនេះ ត្រូវបានគេដឹងថា កាលពីមុនក៏ធ្លាប់មានមន្ត្រីតួកគីជាច្រើននាក់ ត្រូវបានគេបណ្តេញចេញពីតួនាទីផងដែរ ក្នុងគោលបំណងប្រឆាំងនឹងចលនាអ៊ីស្លាមរបស់លោក Fethullah Gulen ដែលមានរយៈពេលជាង ១៤ ខែកន្លងមកហើយ បន្ទាប់ពីរដ្ឋប្រហារបរាជ័យ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សជិត ១,០០០ នាក់ហើយ ត្រូវបានឃាត់ខ្លួន កាលពីសប្តាហ៍មុន ទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលក្រុងអង់ការ៉ា បានចោទប្រកាន់ថា ជាក្រុមភេរវជនជ្រុលនិយមរបស់លោក Gulen៕

មតិយោបល់