ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នានៅអាហ្វហ្គានីស្ថាន ផ្ដាច់ជីវិតមនុស្សអស់ ៨១ នាក់

អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិទីក្រុងកាប៊ុល នៅថ្ងៃពុធនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធរហូតដល់ ៨១ នាក់ ត្រូវបានសម្លាប់ និង ១៩ នាក់ទៀតបានរងរបួស នៅក្នុងប្រតិបត្តិការបោសសម្អាត របស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេស ក្នុងរយៈពេល ២៤ ម៉ោង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។

ប្រភពដដែលបានឲ្យដឹងថា ប្រតិបត្តិការយោធានេះ បានចាប់ផ្តើមនៅតាមបណ្តាខេត្ត ដែលមានភាពវឹកវរនៅក្នុងប្រទេស ដោយក្រៅពីការសម្លាប់ និងរងរបួស កងកម្លាំងរដ្ឋាភិបាលថែមទាំងចាប់បានពួកសកម្មប្រយុទ្ធចំនួន ០៤ នាក់ទៀតផង។

តាមសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ថា អំឡុងពេលវាយឆ្មក់ កងកម្លាំងសន្តិសុខ បានបំផ្លាញរោងចក្រផលិតមីន និងគ្រឿងផ្ទុះចំនួនបី រួមទាំងរឹបអូសយកអាវុធ និងគ្រាប់រំសេវជាច្រើនពីក្រុមសកម្មប្រយុទ្ធ។

សូមជំរាបថា នៅក្នុងសេចក្ដីថ្លែងការណ៍ មិនបានបង្ហាញទេថា តើមានជនរងគ្រោះខាងភាគីកងកម្លាំងរដ្ឋភិបាលប៉ុន្មាននាក់ទ្បើយ ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់ និងរដ្ឋអ៊ីស្លាម (IS) ក៏នៅមិនទាន់បានធ្វើអត្ថាធិប្បាយយ៉ាងណាដែរ ចំពោះបញ្ហានេះ៕

មតិយោបល់