គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានទម្លាយឲ្យដឹងថា លោកនឹងចាកចេញពី Premier League នៅចុងរដូវកាលនេះ ដើម្បីទៅដឹកនាំក្លិបនៅអ៊ីតាលី ដែលជាស្រុកកំណើតរបស់លោកវិញ។
បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា លោក Antonio Conte មិនមានបំណងចង់បន្តដឹកនាំនៅអង់គ្លេសទៀតឡើយ ដោយលោកចង់ត្រឡប់ទៅប្រទេសអ៊ីតាលីវិញ។ យ៉ាងណាក៍ដោយ ប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា លោក Conte មិនមានតំណែង ក្នុងការវិលត្រឡប់ទៅកាន់ក្លិបចាស់របស់លោក គឺ Juventus ឡើយ ប្រហែលជាលោកអាចក្លាយ ជាគ្រូបង្វឹកថ្មីរបស់ក្រុម AC Milan ដែលជាក្រុមកំពុងតែមានការអភិវឌ្ឍន៍ទៅវិញ។
ជាការពិតណាស់ AC Milan បានកំណត់គោលដៅគ្រូបង្វឹក ២រូបដែលមកជំនួសតំណែងរបស់លោក Montella នាពេលបច្ចុប្បន្ននេះ ដែលសុទ្ធសឹងជាគ្រូបង្វឹកល្បី និងជាជនជាតិអ៊ីតាលី ដែលរួមមានអតីតគ្រូបង្វឹកចាស់របស់ AC Milan លោក Carlo Ancelotti និងលោក Antonio Conte អតីតគ្រូបង្វឹកក្រុម Juventus និងជម្រើសជាតិអ៊ីតាលី។ ក៍ប៉ុន្តែ បើតាម Talk Sports ក្រុម AC Milan ហាក់ពេញចិត្តចំពោះលោក Conte ជាងលោក Ancelotti ថ្វីបើលោក Ancelotti ធ្លាប់ដឹកនាំ AC Milan ជោគជ័យក៍ដោយ។
ជម្រើសដែល AC Milan ពេញចិត្តលោក Conte នោះ ដោយសារតែលោក ចង់មកដឹកនាំនៅ អ៊ីតាលី ខណៈលោក Carlo Ancelotti មានបំណងចង់ទៅដឹកនាំ នៅ Premier League ទៅវិញ។ ដូច្នេះហើយ AC Milanកំពុងតែរង់ចាំដំណឹងល្អពីលោក Antonio Conte នៅចុងរដូវកាលនេះ ដើម្បីធានាថា ក្លិបពិតជាអាចនាំយកគ្រូបង្វឹករូបនេះ បានមែន។
មតិយោបល់