ព័ត៌មានអន្តរជាតិ

សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ កំពុងប្រឈមនឹងការបរាជ័យ បន្ទាប់ពីកិច្ចចរចា រវាងអាមេរិក និងរុស្ស៊ីមិនចុះសម្រុងគ្នា

ស្វីសៈ ក្ដីសង្ឃឹមនៃការស្រោចស្រង់ សន្ធិសញ្ញាត្រួតត្រាអាវុធនុយក្លេអ៊ែរដ៏សំខាន់មួយ កំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យ បន្ទាប់ពីអាមេរិក និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ ឆ្ពោះទៅរកការដួលរលំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

កិច្ចចរចាមួយ រវាងអ្នកការទូតជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពេលដែលមានការព្រួយបារម្ភ ទៅលើជោគវាសនា នៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ដែលបានអនុវត្ត និងបញ្ចប់ដោយជោគជ័យ នូវការប្រណាំងប្រជែងអាវុធខ្នាតតូច សម្រាប់ប្រទេសទាំងពីរ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ១៩៨៧។

កាលពីខែតុលា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរបស់លោក នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដរាបណារុស្ស៊ី នៅតែរំលោភបំពានលើវានោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមបង្កើតមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញានេះ ប្រសិនបើកិច្ចព្រមព្រៀងមួយនេះ ត្រូវបានគេបោះបង់ចោលនោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកត្រួតពិនិត្យអាវុធ និងសន្តិសុខអន្តរជាតិ លោក Andrea Thompson បាននិយាយថា កិច្ចចរចានេះ មានការខកចិត្តពីព្រោះវាច្បាស់ទៅហើយថា រុស្ស៊ីនៅតែបន្តរំលោភបំពានលើសន្ធិសញ្ញានេះ ហើយមិនបានត្រៀមខ្លួន ដើម្បីពន្យល់ពីរបៀប ដែលរបបនេះ មានផែនការវិលត្រឡប់ ទៅការអនុលោមវាឲ្យពេញលេញ និងអាចផ្ទៀងផ្ទាត់បានទ្បើយ៕

មតិយោបល់