ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន​ នឹងជួបជាមួយ​មេដឹក​នាំ​អាមេរិក ​នាពេលឆាប់ៗនេះ

​ហ្វីលីពីនៈ​ ប្រធានាធិបតី​ហ្វីលីពីន ​លោក រ៉ូទ្រីហ្គោ ឌុយទើតេ និងប្រធានាធិបតី​​អាមេរិក​លោក ដូណាល់ ត្រាំ ដែលត្រូវបានគេដឹងថា មេដឹកនាំ​ទាំង​ពីរ​​តែងតែប្រកាន់​យក​តែ​គំនិត​ខ្លួន​ឯងនោះ​ ​នឹង​ជួបពិភាក្សា​គ្នា​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ចន្ទ ស្របពេល​មាន​ការ​ចោទ​សួរ​ថា​តើ ពួកគេ​នឹង​ចុះសម្រុង​គ្នា ​ឬ​​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ ដែល​អាច​​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ ​នា​ពេល​អនាគត ​ឬ​យ៉ាង​ណា។ នេះបើយោងតាមសារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ត្រាំ នឹង​មក​ដល់ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ចុងសប្ដាហ៍​នេះ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូលមួយ នៅអំទ្បុងពិធី​​​គម្រប់​ខួប​៥០ឆ្នាំ​ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

ថ្លែងប្រាប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​​ទីក្រុង​ម៉ានីល លោក ឌុយទើតេ បាន​និយាយ​ថា «ប្រសិន​បើជំនួបនាពេលខាងមុខ ​លោក ត្រាំ ចង់​សួរ​សំណួរលោកអំពីគោលនយោបាយបង្ក្រាបថ្នាំញៀននោះ លោក​នឹង​ផ្តល់​ចម្លើយ​ដល់​លោក ត្រាំ ​វិញ​ថា «សម្រាក​ទៅ‍»។ វាមិន​មែន​ជា​ការ​ងារ​របស់​អាមេរិក​ទេ។ វា​ជា​កិច្ច​ការ​របស់​ហ្វីលីពីន។ ខ្ញុំ​ចេះ​មើល​ថែ​ប្រទេស​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ‍ប្រសើរហើយ»។

​ការ​ព្រមានរបស់មេដឹកនាំដឹកនាំហ្វីលីពីន បានធ្វើទ្បើងក្នុងគោលបំណង ដើម្បី​ជៀសវាង​ការ​រិះគន់​ទៅ​លើ​វិធានការ​ដ៏​សាហាវ​របស់​លោក ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​នៅ​ក្នុងប្រទេស​ហ្វីលីពីន អំទ្បុងពេលមានជំនួបជាមួយលោក ត្រាំ៕

មតិយោបល់