ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា គ្រោងនាំចេញអង្ករ ឲ្យបាន ៤លានតោន នៅឆ្នាំ២០២០

(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ា បានរំពឹងទុកថា នឹងនាំចេញអង្ករ ឲ្យបាន ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ នាឆ្នាំ២០២០ ខាងមុខនេះ ស្របពេលដែលទីផ្សារគោលដៅ ត្រូវបានបង្កើតឡើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦ នេះ។

លោក Soe Tun អនុប្រធានសហព័ន្ធស្រូវអង្ករ មីយ៉ាន់ម៉ា បានថ្លែងនៅថ្ងៃសៅរ៍ នេះទៀតថា «យើងត្រូវការនាំចេញអង្ករ ឲ្យបានលើសពី ២លានតោន នៅឆ្នាំ២០១៦ និង ២០១៧ ខាងមុខនេះ។ បន្ថែមពីនេះទៀត យើងនឹងនាំចេញ ឲ្យដល់ ៤លានតោន នៅក្នុងឆ្នាំ២០២០ ប្រសិនបើយើង អាចផលិតស្រូវ បានតាមតម្រូវការចង់បានរបស់ទីផ្សារ»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ចិន ឥណ្ឌូណេស៊ី ជប៉ុន និង ហ្វីលីពីន ជាដើម ដើម្បីនាំចេញអង្ករពី មីយ៉ាន់ម៉ា ទៅកាន់បណ្តាប្រទេសទាំងនោះ ដែលនឹងមានការកើនឡើងជាលំដាប់៕

photo_2016-04-09_21-13-46 photo_2016-04-09_21-13-51

មតិយោបល់