ព័ត៌មានអន្តរជាតិ

លួចដុតព្រៃហើយថត Selfie ជាមួយភ្លើងឆេះព្រៃនៅកាលីហ្វរញ៉ាទៀត ត្រូវជាប់គុក ២០ឆ្នាំ

(កាលីហ្វរញ៉ា)៖ បុរសម្នាក់ បានដុតព្រៃ រួចថតរូប Selfie ជាមួយភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៤ នោះ ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦ នេះ។

លោក Wayne Allen Huntsman ត្រូវបានតុលាការរកឃើញថា ជាអ្នកបង្កឲ្យមានភ្លើងឆេះព្រៃ រយៈពេលជិតមួយខែ នៅរដ្ឋកាលីហ្វរញ៉ា កាលពីឆ្នាំ ២០១៤។ ជនបង្ករូបនេះ បានសារភាពថា ខ្លួន បានដុតព្រៃចំនួន ៣ទីតាំង ហើយក៏ជាមូលហេតុ ដែលនាំឲ្យព្រៃឈើរាប់សែនហិកតាឆេះខ្ទេច និងក្រុមពន្លត់អគ្គីភ័យជាច្រើននាក់ រងរបួស ហើយក៏បានបំផ្លាញទ្រព្យសម្បត្តិ ដ៏ច្រើនលើសលប់ ផងដែរ។

នៅក្នុងតុលាការលោក Huntsman បាននិយាយថា «ខ្ញុំទទួលកំហុសនេះ ព្រោះខ្ញុំពិតជាបានប្រព្រឹត្តវាមែន»។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃកាលពីឆ្នាំ ២០១៤ នោះ បានបំផ្លាញព្រៃឈើ ១០០,០០០ហិកតា និង លំនៅដ្ឋានរាប់សិបខ្នង នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា តែសំណាងល្អ វាមិនបានបណ្តាលឲ្យមនុស្សណាម្នាក់ ស្លាប់បាត់បង់ជីវិតឡើយ៕

photo_2016-04-09_21-09-50 photo_2016-04-09_21-10-00

មតិយោបល់