ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង គ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក នៅតំបន់កំពុងមានជម្លោះ ក្នុងដែនទឹកសមុទ្រចិនខាងត្បូង

ចិន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ដើម្បីទាមទារទឹកដី នៅតំបន់កំពុងមានជម្លោះ ក្នុងដែនទឹកសមុទ្រចិនខាងត្បូង តាមរយ:ការសាងសង់កោះសិប្បនិម្មិត កំពុងតែឆ្ពោះទៅមុខយ៉ាងខ្ជាប់ខ្ជួន ខណ:ដែលគម្រោងសម្រាប់ផ្លូវទឹកចុងក្រោយ ត្រូវបានគេរំពឹងទុកថា ចិននឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

កាសែត People’s Daily ដែលបានដំណើរការ ដោយបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរនេះ នឹងផ្តល់ថាមពលជាបន្តបន្ទាប់ សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងសានសា ជាដែនកោះដែលកំពុងមានជម្លោះ ជាមួយវៀតណាម និងតៃវ៉ាន់។

ប្រភពដដែល បានបន្ថែមថា ដើម្បីលើកកម្ពស់ជីវភាព និងល័ក្ខខ័ណ្ឌការងាររបស់ប្រជាជន ដែលរស់នៅលើកោះនោះ ក្រុងប៉េកាំង បានពង្រឹងកិច្ចការពារផ្នែកយោធា នៅសមុទ្រចិនខាងត្បូង ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន រួមទាំងការពង្រីកតំបន់កោះ និងថ្មប៉ប្រះទឹកផងដែរ។

សូមជំរាបថា តំបន់ជម្លោះនៅដែនសមុទ្រចិនខាងត្បូង ត្រូវបានទាមទារដោយរដ្ឋដែលមានអធិបតេយ្យភាពជាច្រើន រួមមាន ប្រ៊ុយណេ ចិន កោះតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូណេ ស៊ីហ្វីលីពីន និងវៀតណាមជាដើម៕

មតិយោបល់