ព័ត៌មានអន្តរជាតិ

ជប៉ុន ស្នើឲ្យកូរ៉េខាងត្បូង ជួយរៀបចំកិច្ចប្រជុំជាន់ខ្ពស់រវាងលោក អាបេ និងមេដឹកនាំកំពូលកូរ៉េខាងជើង

ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា អាជ្ញាធរក្រុងតូក្យូ បានស្នើសុំជំនួយពីប្រទេសកូរ៉េខាងត្បូង ដើម្បីរៀបចំកិច្ចប្រជុំជាន់ខ្ពស់មួយ រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

កាសែត Dong-A Ilbo បានចេញផ្សាយថា រដ្ឋាភិបាលជប៉ុន បានស្នើឲ្យក្រុងសេអ៊ូលធ្វើជាអ្នកសម្រុះសម្រួល នៅក្នុងកិច្ចចរចា រវាងលោក អាបេ និងលោក គីម។

ព័ត៌មាននៃការស្នើនេះ បានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីបណ្តាញសារព័ត៌មានជប៉ុន បានរាយការណ៍ថា ក្រុងតូក្យូមិនបានបដិសេធ សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី ជាមួយកូរ៉េខាងជើងនោះទេ។

ដោយទ្បែកកាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យក្រុងតូក្យូ ធ្វើការកែប្រែគោលនយោបាយរបស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង។

សូមជំរាបថា ជប៉ុនបានសម្រេចចិត្តចូលរួម ក្នុងកិច្ចចរចាមួយ ជាមួយកូរ៉េខាងជើង ចំពេលដែលទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងសេអ៊ូល ក៏ដូចជាវ៉ាស៊ីនតោន ចាប់ផ្ដើមថមថយភាពតានតឹង៕

មតិយោបល់