កូរ៉េៈ ក្រុងព្យុងយ៉ាង និងសេអ៊ូល បានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារថា នឹងបើកឲ្យមានទំនាក់ទំងយោធាទ្បើងវិញ បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ បានធ្វើឡើងនៅតំបន់ព្រំដែនគ្មានយោធា ក្នុងភូមិ Panmunjom ដែលមិនធ្លាប់មានក្នុងរយៈពេលជិត ២ឆ្នាំកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Chun Hae-Sung បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងទីក្រុងសេអ៊ូលថា នៅអំឡុងកិច្ចចរចាអន្តរកូរ៉េផ្លូវការជាលើកដំបូងនោះ ពួកគេបានព្រមព្រៀងគ្នា បើកឲ្យដំណើរការឡើងវិញនូវខ្សែទូរស័ព្ទបន្ទាន់ (Hotline) ផ្នែកយោធា នៅភាគខាងលិចនៃតំបន់ព្រំដែន រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងផងដែរ។
ដោយលោក បានបញ្ជាក់ថា ភាគីកូរ៉េខាងត្បូង បានសម្រេចចិត្តចាប់ផ្តើមប្រើប្រាស់ខ្សែទូរស័ព្ទរវាងយោធាកូរ៉េទាំងពីរ នៅម៉ោង ៨ ព្រឹកថ្ងៃពុធនេះទៅ។
សូមជំរាបថា ទំនាក់ទងយោធាអន្តរកូរ៉េ ត្រូវបានបិទចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ នៅពេលដែលក្រុងសេអ៊ូល បានប្រកាសបិទតំបន់ឧស្សាហកម្មរួម Kaesong នៅព្រំដែនភាគខាងលិច នៅក្នុងការផ្លាស់ប្តូរដែលធ្វើឲ្យខូចទំនាក់ទំនង ប្រទេសទាំងពីរ៕
មតិយោបល់