កូរ៉េៈ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប កាលពីថ្ងៃអង្គារ បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់មួយ ជាមួយមន្ត្រីអាមេរិក ក្នុងគោលបំណងដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងលោក គីម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ គីម យ៉ុងឆុល អនុប្រធានគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ និងជាមន្ត្រីជំនិតដៃស្តាំរបស់មេដឹកនាំកូរ៉េខាងជើង នឹងជួបជាមួយលោក ម៉ៃ ផមផេវ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅទីក្រុងញូវយ៉ក នាថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ដោយជំនួបនេះ លោក ត្រាំ បានបញ្ជាក់ថា ឧត្តមសេនីយ៍ក្រុងព្យុងយ៉ាង នឹងជួបពិភាក្សាជាមួយក្រុមការងារដ៏អស្ចារ្យរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា ហើយលោកនៅតែសង្ឃឹមថា កិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ នៅសិង្ហបុរីនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែរ៕
មតិយោបល់