ព័ត៌មានអន្តរជាតិ

ជប៉ុនតាមយ៉ាងស្អិត ខណៈនាវាចិន បើកចូលមកកៀកដែនកោះកំពុងមានជម្លោះ

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងតាមដានយ៉ាងកៀកទៅលើនាវាចម្បាំងរបស់ចិន ដែលចូលមកដែនសមុទ្រជុំវិញប្រជុំកោះ កំពុងមានជម្លោះនៅសមុទ្រចិនខាងកើត បន្ទាប់ពីប្រទេសទាំងពីរសុទ្ធសឹងតែអះអាងថា ជាដែនទឹករបស់ពួកគេរៀងៗខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

កប៉ាល់កងទ័ពជើងទឹកជប៉ុន បានប្រទះឃើញនាវាចម្បាំងចិនថ្នាក់ Jiangkai II ទម្ងន់ ៤,០០០ តោន នៅវេលាម៉ោងប្រហែល ១១ ព្រឹក នៅក្នុងដែនទឹកជុំវិញកោះគ្រប់គ្រងដោយទីក្រុងតូក្យូ ដែលជប៉ុនហៅវាថា កោះ Senkaku រីឯចិនវិញហៅឈ្មោះកោះនោះថា តាវយូ (Diaoyu)។

អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន លោក Go Yamaguchi បានប្រាប់ភ្នាក់ AFP ថា នាវាមុជទឹកមិនស្គាល់អត្តសញ្ញាណមួយគ្រឿង ត្រូវបានគេប្រទះឃើញ ចូលមកក្នុងដែនទឹក ដែលនៅជាប់នឹងកោះកំពុងមានជម្លោះ។

ដោយលោក Yamaguchi បាននិយាយថា «យើងកំពុងឃ្លាំមើលនាវា និងបញ្ជូនសារមួយទៅកាន់ពួកគេ ថាពួកគេបានចូលមកដែនទឹក ជិតទឹកដីរបស់ជប៉ុនហើយ»៕

មតិយោបល់