អូស្ត្រាលីៈ បុរសជនជាតិអូស្រ្តាលីម្នាក់ បានទទួលរងការរលាកយ៉ាងធ្ងន់ធ្ងរ នៅផ្នែកភ្លៅខាងស្តាំរបស់គាត់ ដោយសារផ្ទុះទូរស័ព្ទ iPhone ដែលគាត់បានទិញវាប្រើរយៈប្រាំមួយខែកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។
លោក Gareth Clear អាយុ ៣៦ ឆ្នាំ មកពីឆ្នេរខ្សាច់ Bondi នៅក្នុងរដ្ឋ New South Wales បានជិះទៅវិញ ទៅមកនៅលើកង់របស់គាត់ កាលពីរសៀលថ្ងៃអាទិត្យ នៅពេលនោះគាត់ បានដួលដោយចៃដន្យ សង្កត់នៅលើទូរស័ព្ទ iPhone 6 របស់គាត់ បណ្តាលឲ្យវាផ្ទុះ និងឆេះខោខ្លីរបស់គាត់។
លោកបានកត់សម្គាល់ឃើញថា មានផ្សែងចេញមុនពេល ដែលឮការផ្ទុះចេញមក ដែលបង្កឲ្យមានការរោល រលាកនៅផ្នែកភ្លៅខាងស្តាំរបស់គាត់ យ៉ាងធ្ងន់ធ្ងរ។
មកទល់ពេលនេះ គាត់បានធូរស្បើយហើយ បន្ទាប់ពីទទួលការវះកាត់ និងប្រើម៉ាស៊ីនដើម្បីទប់ស្កាត់ ការឆ្លងមេរោគនៅឯមន្ទីរពេទ្យ Royal North Shore ក្នុងទីក្រុងស៊ីដនី។
លោក Clear បានបន្ថែមទៀតថា ក្រុមហ៊ុន Apple ត្រូវបានគេស៊ើបអង្កេតពីបញ្ហានេះ ខណៈដែលក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន News Corp បានទាក់ទងទៅក្រុមហ៊ុននេះ ប៉ុន្តែខាងក្រុមហ៊ុនបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើវា៕
មតិយោបល់