ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកបើកយន្តហោះក្រុមហ៊ុន Air France បន្តធ្វើកូដកម្ម៤ថ្ងៃមកហើយ អាចរំខានដល់ការប្រកួត Euro 2016

បារាំង: អ្នកបើកយន្តហោះនៅក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង (Air France) បានបន្តចាប់ផ្តើមធ្វើកូដកម្មរយ:ពេលបួនថ្ងៃ មកហើយ ដែលអាចរំខានដល់ផែនការសម្រាប់អ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់ នៅថ្ងៃទីពីរនៃការប្រកួតបាល់ទាត់ Euro ឆ្នាំ 2016 ដែលបារាំងធ្វើ ជាម្ចាស់ផ្ទះ។

ក្រុមហ៊ុន Air France បានលុបចោលហោះហើររបស់ខ្លួននៅថ្ងៃសៅរ៍ រហូតដល់ទៅ ៣០ភាគរយ។ សហជីពអ្នកបើកយន្តហោះនេះ ចង់ឱ្យរដ្ឋាភិបាលលុបចោលច្បាប់ពលកម្មថ្មីពីព្រោះថា ច្បាប់ថ្មីនេះធ្វើឲ្យខាតប្រយោជន៍ដល់បុគ្គលិកកម្មករ ដែលពីមុនច្បាប់ចាស់បានការពារកម្មករ ឲ្យទទួលបានផលប្រយោជន៍ជាងថៅកែ។

សេវារថភ្លើង ស្ថានីយ៍ប្រេងសាំង និងរោងចក្រស្លប្រេង បានបន្តធ្វើកូដកម្មរយ:ពេលប្រាំបួនថ្ងៃហើយ ដែលក្រុមអ្នកតវ៉ាបានបិទផ្លូវ ដើម្បីប្រឆាំងតវ៉ា នឹងការអនុម័តច្បាប់ការងារថ្មីនេះ។ សូមបញ្ជាក់ថា កាលពីមុនប្រទេសបារាំងគឺជាប្រទេសមួយដែលមានច្បាប់ការងារលក្ខណ: ស្តង់ដារល្អជាង គេបង្អស់នៅលើពិភពលោក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយមានការប្រែប្រួល ទើបធ្វើរដ្ឋាភិបាលបារាំងមាន ការកែប្រែច្បាប់ថ្មីនេះ៕

មតិយោបល់