អាមេរិកៈ អភិបាលរដ្ឋហាវ៉ៃបាននិយាយថា មានការខុសឆ្គងបន្ទាប់ពីការជូនដំណឹងប្រកាសអាសន្នមួយ ត្រូវបានបញ្ជូនដោយច្រឡំ កាលពីថ្ងៃសៅរ៍ ទៅកាន់ប្រជាពលរដ្ឋនៅកោះហាវ៉ៃ ជុំវិញការព្រមានអំពីការវាយប្រហារ ដោយគ្រាប់មីស៊ីលផ្លោង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
មន្រ្តីរដ្ឋ និងយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា ពុំមានសកម្មភាពគំរាមគំហែងបន្ទាន់ណាមួយ អាចបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ បន្ទាប់ពីសញ្ញាព្រមាននេះ បានធ្វើឲ្យប្រជាជននៅទីនោះ ភ័យរន្ធត់នាំគ្នារត់ទៅរកកន្លែងជ្រកកោន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក David Ige អភិបាលរដ្ឋ ក៏បានធ្វើការសុំទោសផងដែរ ចំពោះកំហុសមួយនេះ ដោយលោកបាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា វាជាកំហុសរបស់មនុស្ស ខណៈការជូនដំណឹងនេះ ធ្វើទ្បើងនៅពេលបុគ្គលិកទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋម្នាក់ បានរុញច្រាន ប៊ូតុងខុស៕
មតិយោបល់