អ៊ុយក្រែនៈ ប្រភពពីមន្ត្រីរដ្ឋបាលប្រធានាធិបតីម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ជម្លោះប្រដាប់អាវុធ ដែលបានឆាបឆេះទ្បើង នៅភាគខាងកើតប្រទេសអ៊ុយក្រែន អស់រយៈពេលជិតបីឆ្នាំកន្លងមក បានបង្កផលប៉ះពាល់ដល់កុមារ ៩៥០ ពាន់នាក់ហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
តាមកាលបរិច្ឆេទ បានឲ្យដឹងថា ប្រហែលម្នាក់ ក្នុងចំណោមកុមារ ៨នាក់ នៅអ៊ុយក្រែន បានទទួលរងផលប៉ះពាល់ដោយសារជម្លោះនៅភាគខាងកើតនៃប្រទេស នេះបើផ្អែកតាមសម្ដីរបស់លោក Mykola Kuleba ស្នងការដើម្បីសិទ្ធិកុមាររបស់ប្រធានាធិបតី បានប្រាប់អ្នកកាសែត។
លោក Kuleba បាននិយាយថា អំពើហិង្សាក្នុងខែនេះ បានបង្កការគំរាមគំហែងដល់ជីវិតកុមារចំនួន ១០០ ពាន់នាក់ ដែលរស់នៅក្បែរខ្សែរប្រយុទ្ធត្រៀមជួរមុខ និងកុមារ ២៥០ ពាន់នាក់ផ្សេងទៀត ត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ។
ក្នុងនោះដែរ លោកបានបន្ថែមថា មានកុមារ ៦០០ ពាន់នាក់ កំពុងតែរស់នៅក្នុងដែនដីមានជម្លោះ ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាម។
តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល បានឲ្យដឹងថា កុមារយ៉ាងហោចណាស់ ៦៨ នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារ រវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាម ខណៈដែល ១៨៦ នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីខែមេសា ឆ្នាំ ២០១៤ ៕

មតិយោបល់