ព័ត៌មានអន្តរជាតិ

អាមេរិក បើកការវាយប្រហារដែនអាកាស ខណៈក្រុមតាលីបង់ វាយប្រហារទីក្រុងអាហ្វហ្គានីស្ថាន

អាហ្គានីស្ថានៈ កងកម្លាំងអាមេរិក បានចាប់ផ្តើមការវាយប្រហារដែនអាកាស នៅថ្ងៃសុក្រនេះ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមតាលីបង់ដ៏ធំមួយនៅរដ្ឋធានីអាហ្វហ្គានីស្ថាន ជាកន្លែងអ្នកស្រុកមានការភ័យរន្ធត់ នៅពេលមានការផ្ទុះអាវុធ និងបាញ់កាំភ្លើង ដោយកងកម្លាំងសន្តិសុខ បានព្យាយាមវាយលុកក្រុមបះបោរ ដែលបង្កភាពវឹកវរត្រលប់មកវិញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

ក្រុមមន្រ្តីក្នុងតំបន់ បាននិយាយថា កងកម្លាំងពិសេសរបស់អាហ្វហ្គានីស្ថាន ត្រូវបានគេដាក់ពង្រាយ ទៅកាន់ភាគអាគ្នេយ៍នៃទីក្រុងហ្គាហ្ស៊ីនីផងដែរ បន្ទាប់ពីមានការប៉ុនប៉ងចុងក្រោយរបស់ក្រុមតាលីបង់ ដើម្បីដណ្ដើមយកតំបន់ប្រជុំជនមួយ ដោយការវាយប្រហារនេះ បានកើតឡើងចំពេលមានសម្ពាធ ទៅលើក្រុមឧទ្ទាមឲ្យចូលតុចរចាដើម្បីសន្តិភាព។

អ្នកនាំពាក្យអភិបាលខេត្តលោក Arif Noori បាននិយាយថា យ៉ាងហោចណាស់ទាហានអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់ និងប្រាំពីរនាក់ទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នានោះ។

ក្នុងនោះក៏មានប៉ុស្តិ៍ត្រួតពិនិត្យរបស់ទាហាន និងផ្ទះជនស៊ីវិលជាច្រើន បានរងការវាយប្រហារ ដោយកាំភ្លើងត្បាល់ ខណៈដែលសាកសពពួកសកម្មប្រយុទ្ធតាលីបង់ រាប់សិបនាក់ កំពុងស្ថិតនៅតាមដងផ្លូវ៕

មតិយោបល់