ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ប្រកាសសញ្ញាប្រុងអាសន្នកម្រិតទី៤ ខណៈភ្នំភ្លើងរៀបនឹងជិតផ្ទុះ

ហ្វីលីពីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា អាជ្ញាធរហ្វីលីពីន បានបង្កើនសញ្ញាប្រុងអាសន្នកម្រិតទី៤ហើយ ដែលមានន័យថា ការផ្ទុះដ៏គ្រោះថ្នាក់ពីភ្នំភ្លើងមួយ នឹងកើតមានឡើង។ នេះបើយោងតាមសារព័ត៌មានចិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

វិទ្យាស្ថានសិក្សា​បាតុភូតភ្នំភ្លើង និងរញ្ជួយដី Phivolcs របស់​ហ្វីលីពី បានឲ្យដឹងថា ភ្នំភ្លើងមួយ ឈ្មោះថា ម៉ាយ៉ុន កំពុងជួបមានភាពចលាចលយ៉ាងខ្លាំងក្លា បន្ទាប់ពីវាបានខ្ជាក់កម្អែចេញទាំងថ្ងៃត្រង់។

តាមរបាយការណ៍កាលព្រឹកថ្ងៃច័ន្ទ វិទ្យាស្ថាន Phivolcs បានចង្អុលបង្ហាញថា ប្រភពកម្អែដែលត្រូវបានខ្ជាក់ចេញនោះ គឺមានកម្ពស់ពី ៥០០ ម៉ែត្រ ចុះមកដល់ ២០០ម៉ែត្រ ដែលបានកើតទ្បើងកាលពីយប់ថ្ងៃអាទិត្យវេលាម៉ោង ១០ និង៤៥ នាទី (ម៉ោងក្នុងស្រុក)។

ម៉ាយ៉ុន ត្រូវបានគេចាត់ទុកជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ហ្វីលីពីន ដែលមានទេសភាពស្រស់ស្អាត និងស៊ីមេទ្រីស្ទើរតែល្អឥតខ្ចោះ ក្នុងខេត្ត Albay ស្ថិតនៅលើកោះលូហ្សុនដ៏សំខាន់ក្នុងប្រទេស មានកម្ពស់ ២,៤៦២ ម៉ែត្រ និងចម្ងាយជាង ៣០០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីម៉ានីល៕

មតិយោបល់