ព័ត៌មានសុខភាព

កត្តា៥យ៉ាងធ្វើឲ្យអ្នកប្រឈមហានិភ័យនៃជំងឺមហារីកប្លោកនោម

មហារីកប្លោកនោម គឺជាជំងឺមហារីកលំដាប់ទី៧នៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញចំពោះមនុស្សជាង ១០,៤០០ករណីក្នុងមួយឆ្នាំៗ។ ជាទូទៅរោគសញ្ញានៃជំងឺមហារីកប្លោកនោម រួមមាន ទឹកនោមមានលាយឈាម ការឈឺចាប់នៅពេលនោម និងនោមញឹកញាប់។ ប្រសិនបើជំងឺមហារីកប្លោកនោមឈានដល់ដំណាក់កាលរីករាលដា វាអាចបណ្តោលឲ្យអ្នកជំងឺឈឺឆ្អឹង ឈឺត្រគាក និងស្រកទម្ងន់។

ខាងក្រោមនេះ គឺជាកត្តាដែលនាំឲ្យអ្នកកើតមានហានិភ័យនៃជំងឺមហារីកប្លោកនោម៖

ប្រវត្តិគ្រួសារ
ការសិក្សាបានបង្ហាញថា ហានិភ័យនៃជំងឺមហារីកប្លោកនោមមានកម្រិតខ្ពស់ជាង ១,៨ដងក្នុងចំណោមអ្នកដែលមានឪពុកម្តាយ ឬបងប្អូន កើតជំងឺនេះ បើធៀបទៅនឹងមនុស្សធម្មតា។

បារី
អ្នកជំនាញបានជឿជាក់ថា ជាងមួយភាគបីនៃករណីមហារីកប្លោកនោម គឺកើតឡើងដោយសារតែការជក់បារី។ ការជក់បារី គឺជាកត្តាគ្រោះថ្នាក់ធំបំផុតសម្រាប់ជំងឺមហារីកប្លោកនោម ពីព្រោះថ្នាំជក់មានផ្ទុកសារធាតុបង្កជំងឺមហារីក។

សារធាតុគីមីទាំងនោះ អាចជ្រាបចូលទៅក្នុងទឹកនោម និងត្រូវត្រងដោយតម្រងនោម។ ប្លោកនោម គឺជាកន្លែងដែលរក្សាទុកទឹកនោមមុននឹងបញ្ចេញចោល ដូច្នេះវាអាចមានផលប៉ះពាល់យ៉ាងខ្លាំង។

ខ្លាញ់
ការសិក្សាបានចង្អុលបង្ហាញថា ហានិភ័យនៃជំងឺមហារីកប្លោកនោម គឺមានកម្រិតខ្ពស់ ១១ភាគរយ ចំពោះបុរសដែលលើសទម្ងន់។ មិនតែប៉ុណ្ណោះជំងឺមហារីកប្លោកនោម ក៏មានហានិភ័ខ្ពស់ដែរ សម្រាប់បុរសដែលមានបញ្ហាមេតាប៉ូលីស ដោយសារតែជំងឺធាត់ ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់។

ចំណែកឯមនុស្សស្រីដែលធាត់ ក៏ជួបហានិភ័យជំងឺមហារីកប្លោកនោមខ្ពស់ជាងស្ត្រីដែលមានទម្ងន់ធម្មតាដែរ។

ទំនាក់ទំនងជាមួយនឹងសារធាតុគីមី
ការប៉ះពាល់ជាមួយនឹងសារធាតុគីមី គឺជាកត្តាហានិភ័យមួយសម្រាប់ជំងឺមហារីកប្លោកនោម មានច្រើនជាងមួយភាគបួននៃករណីទាំងអស់។
ឧស្សាហកម្មមួយចំនួនក៏អាចចូលរួមក្នុងការបង្កើនហានិភ័យនៃជំងឺមហារីប្លោកនោម ដូចជា ការប៉ះពាល់ថ្នាំលាបសម្ភារៈ វាយនភ័ណ្ឌជ័រកៅស៊ូ ថង់ប្លាស្ទិក និងថ្នាំសម្រាប់គូគំនូរ។

ជំងឺ
អ្នកដែលមានជំងឺដូចជា ទឹកនោមផ្អែម ជំងឺរលាកផ្លូវទឹកនោម ជំងឺបំពង់បង្ហូរនោមរ៉ាំរ៉ៃ ក្រួសក្នុងប្លោកនោម … ក៏មានហានិភ័យខ្ពស់ដូចគ្នាដែរ។

អ្នកជំនាញបាននិយាយថា អត្រានៃការរស់រានមានជីវិត គឺរហូតដល់ ៨០ភាគរយ ប្រសិនបើអ្នកជំងឺមហារីកប្លោកនោម ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញទាន់ពេលវេលា៕

ប្រភព៖ soha

មតិយោបល់