ចិនៈ កាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណ បានចេញយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួន ដោយបានចុះបញ្ជីរុស្ស៊ី និងចិនថា ជាការគំរាមកំហែងផ្នែកសន្តិសុខរបស់អាមេរិក ខណៈចាត់ទុកប្រទេសទាំងពីរ គឺជាអ្នកប្រកួតប្រជែងយុទ្ធសាស្រ្តរយៈពេលវែង ដែលស្ថិតក្នុងចំណោមអាទិភាពសំខាន់ៗ សម្រាប់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បាននិយាយថា របាយការណ៍ចេញផ្សាយនេះ គឺពោរពេញទៅដោយគំនិតឥតប្រយោជន៍ នៃការលេងល្បែង រួមទាំងការឆ្លុះបញ្ចាំងពីការគំរាមកំហែងផ្នែកសតិអារម្មណ៍ បែបសង្គ្រាមត្រជាក់របស់ក្រុងវ៉ាស៊ីនតោន ដែលធ្វើឲ្យខូចគោលនយោបាយការទូត និងវិស័យការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការប្រជែងរវាងមហាអំណាចធំ ៗ ដោយលោកស្រី បានអះអាងថា វាជាការនិយាយបំផ្លើស និងធ្វើឲ្យមានការភាន់ច្រលំ។
ក្នុងនោះលោកស្រី ក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសចិនប្រកាន់យ៉ាងខ្ជាប់ខ្ជូន និងម៉ឺងម៉ាត់បំផុត សម្រាប់ផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី ជាពិសេសគោលនយោបាយការពារជាតិរបស់ខ្លួន គឺបង្កើតសន្តិភាពនៅទូទាំងពិភពលោក ខណៈដែលចិនបានរួមចំណែក ដល់ការអភិវឌ្ឍជាសកល ដែលវាជាភស្តុតាងស្រាប់ ចំពោះសហគមន៍អន្ដរជាតិទាំងមូល៕
មតិយោបល់