ព័ត៌មានអន្តរជាតិ

កាន់តែព្រួយបារម្ភខ្លាំងទ្បើង ខណៈស៊ីរី អាចក្លាយជាសមរភូមិ ប្រយុទ្ធគ្នារវាងយោធាអាមេរិក និងតួកគី

ស៊ីរីៈ កងជីវពលឃឺដដែលគាំទ្រដោយអាមេរិក បានដាក់ពង្រាយពួកសកម្មប្រយុទ្ធទៅកាន់ជួរមុខ នៅទីក្រុង Manbij របស់ប្រទេសស៊ីរី ដើម្បីប្រយុទ្ធនឹងកងទ័ពរបស់ប្រទេសតួកគី បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា វានឹងក្លាយទៅជាទីតាំងប៉ះទង្គិចគ្នាលើកទីពីរ នៃកងកម្លាំងប្រទេសទាំងពីរ បន្ទាប់ពីការប្រយុទ្ធគ្នា នៅតំបន់ឆ្លងកាត់ព្រំដែន Afrin។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ទីក្រុង Manbij ស្ថិតនៅចម្ងាយប្រហែល ១០០ គីទ្បូម៉ែត្រពីភាគខាងកើតនៃតំបន់ Afrin ដែលអាមេរិកបានដាក់ពង្រាយយោធាពួកគេនៅទីនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និង Levant ខណៈដែលយោធាតួកគី កំពុងប្រតិបត្តិការ ប្រឆាំងនឹងកងជីវពលឃឺដគាំទ្រ ដោយអាមេរិក។

សម្រាប់ប្រតិបត្តិការចម្រុះ ដោយយោធាអាមេរិក នៅទីក្រុង Manbij គឺអាចនិយាយបានថា ទាហាននៅទីនោះ មានសិទ្ធិការពារខ្លួន ប្រឆាំងនឹងការវាយប្រហារណាមួយ ហើយក៏នឹងមិនស្ទាក់ស្ទើរ ចំពោះការឆ្លើយតបទៅវិញផងដែរ។

លោក Colonel Ryan Dillon អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអាមេរិក បាននិយាយថា «ច្បាស់ណាស់ថា យើងកំពុងប្រុងប្រយ័ត្នណាស់ ចំពោះអ្វីដែលកំពុងកើតឡើង ជាពិសេសនៅទីក្រុង Manbij ពីព្រោះថា កងកម្លាំងចម្រុះរបស់យើង គឺបានស្ថិតនៅក្នុងតំបន់នោះ ដូចនេះ យើងមានសិទ្ធការពារខ្លួន ហើយពួកគេនឹងធ្វើដូច្នេះ ប្រសិនបើចាំបាច់»៕

មតិយោបល់