ព័ត៌មានអន្តរជាតិ

តួកគី គ្រោងនឹងដាក់ពង្រាយកងទ័ពជើងទឹក និងអាកាសទៅកាន់កាតា

តួកគីៈ មន្ត្រីការទូតតួកគី បាននិយាយថា រដ្ឋាភិបាលខ្លួនគ្រោងនឹងដាក់ពង្រាយកងកម្លាំទ័ពជើងទឹក និងអាកាសទៅកាន់ប្រទេសកាតាបន្ថែមពីលើទាហានរបស់ពួកគេ ដែលមានវត្តមាននៅក្នុងប្រទេសនេះរួចជាស្រាច់។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកាតា លោក Fikret Ozer បានធ្វើការបដិសេធមិនបកស្រាយនោះទេ ទៅលើការដាក់ពង្រាយនេះ ប៉ុន្តែបើយោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសកាតា និងតួកគីនៅក្នុងឆ្នាំ ២០១៤ គឺទាហាន និងកងជើងទឹកតួកគី នឹងត្រូវដាក់ពង្រាយនៅកាតា។

រដ្ឋាភិបាលក្រុងអាន់ការ៉ា និងក្រុងដូហា ត្រូវបានគេដឹងថា នឹងកំណត់ពេលវេលា សម្រាប់ការជួបពិភាក្សាគ្នា អំពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅពេលកងកម្លាំងប្រទេសតួកគី ត្រូវបានដាក់ពង្រាយ​នាពេលខាងមុខ ស្របទៅតាមកិច្ចចរចារបស់ពួកគេ។

សូមជំរាបថា ផែនការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលតួកគីអាចបង្កើតជំរំយោធាខ្លួនមួយ នៅក្នុងប្រទេសកាតា៕

មតិយោបល់