អ៊ីស្រាអែលៈ ក្មេងជំទង់ប៉ាឡេស្ទីនចំនួន ២នាក់ ត្រូវបានគេរកឃើញថា ស្លាប់បាត់បង់ជីវិត នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីចលនានៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Ashraf al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានបញ្ជាក់ថា សាកសពក្មេងប្រុសទាំងពីរនាក់មានអាយុ ១៧ ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Rafah កាលពីព្រឹកថ្ងៃអាទិត្យ។
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២នាក់ផ្សេងទៀតបានរងរបួស ខណៈម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលបច្ចុប្បន្នពួកគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងរ៉ាហ្វា។
សូមជំរាបថា ក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយនេះ អ៊ីស្រាអែល បាននិយាយថា ពួកគេបានតម្រង់គោលដៅទៅលើទីតាំងក្រុមហាម៉ាសចំនួន ១៨ កន្លែង នៅក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុផ្ទុះគ្រាប់បែកមួយ ដែលបានកើតទ្បើងនៅជិតព្រំដែនជាមួយប្រទេសខ្លួន កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានធ្វើឲ្យទាហានអ៊ីស្រាអែល ៤ នាក់រងរបួស៕
មតិយោបល់