អាមរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងអ្នកការទូតជាន់ខ្ពស់ចិន លោក Yang Jiechi កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការដាក់សម្ពាធលើក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Yang បានធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ខណៈរូបលោក ត្រូវបានគេរំពឹងទុកថា នឹងជួបពិភាក្សាជាមួយលោក Rex ទៅលើទំនាក់ទំនងសេដ្ឋកិច្ចរវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន បន្ទាប់ពីមានការព្រួយបារម្ភនូវសកម្មភាពជាច្រើននាពេលថ្មីៗ ជុំវិញសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា ភាគីទាំងពីរ បានអះអាងពីការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរជាថ្មី ដើម្បីបន្តដាក់សម្ពាធលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ដោយលោក Nauert បានបន្ថែមថា លោក Tillerson និងលោក Yang បានឯកភាពលើសារៈសំខាន់ នៃការបន្តទំនាក់ទំនង រវាងគ្នាប្រកបដោយការស្ថាបនា និងមានផលប្រយោជន៏សម្រាប់ប្រទេសទាំងពីរ ដើម្បីកិច្ចសហប្រតិបត្តិការ ដោះស្រាយលើបញ្ហាប្រឈម និងភាពខុសគ្នារបស់យើងផងដែរ៕
មតិយោបល់