តួកគីៈ ការសម្រេចជាឯកតោភាគីរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រទេសតួកគី ដោយសារការលើកលែងទិញប្រេងពីអ៊ីរ៉ង់ ត្រូវផុតកំណត់ សម្រាប់ប្រទេស ដែលស្រេកឃ្លានថាមពលមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ បន្ទាប់ពីមានការគាំទ្រលើកិច្ចព្រមព្រៀងអន្តរជាតិមួយ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយតួកគី ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួនប្រាំបី ដែលបានផ្តល់ការលើកលែង ចំពោះការជួញដូរប្រេងរយៈពេលប្រាំមួយខែ ជាមួយប្រទេសអ៊ីរ៉ង់។
ការលើកលែងនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ ថ្វីបើតួកគី បានទទូចថា ខ្លួនត្រូវការរក្សាការនាំចូលប្រេងពីអ្នកជិតខាងរបស់ខ្លួនក៏ដោយ ក៏ក្រុងវ៉ាស៊ីនតោន មិនបានបញ្ជាក់ថា នឹងមានការពន្យារពេលនោះទេ៕
មតិយោបល់