ឥណ្ឌាៈ ប៉ូលិសនៅភាគខាងជើងប្រទេស កំពុងស្វែងរកនៅក្នុងបញ្ជី នៃការបាត់ខ្លួនកុមារ ដើម្បីព្យាយាមកំណត់អត្តសញ្ញាណក្មេងស្រីម្នាក់ បន្ទាប់ពីពួកគេរកឃើញនៅក្នុងព្រៃ ដែលគេជឿថា បានរស់នៅជាមួយសត្វស្វា អស់រយៈពេលដ៏យូរ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែមេលា ឆ្នាំ២០១៧។
ក្មេងស្រីនោះ មានអាយុចន្លោះពី០៨ ទៅ ១០ ឆ្នាំ ត្រូវបានរកឃើញពីរបីសប្តាហ៍មុន នៅក្នុងព្រៃមួយ នៃរដ្ឋ Uttar Pradesh ។
វេជ្ជបណ្ឌិត បាននិយាយថា « នាងមិនអាចប្រាស្រ័យទាក់ទងជាមួយមនុស្សដូចគ្នាបានទ្បើយ និងបង្ហាញលក្ខណៈដូចជាស្វាអីចឹង »។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានប្រាប់ភ្នាក់ងារ BBC ថា នាង ត្រូវបានគេឃើញលេងជាមួយសត្វស្វាមួយក្រុម និងយកតម្រាប់តាមអាកប្បកិរិយារបស់ពួកវា នៅពេលដែលប៉ូលិស បានទៅជួយសង្គ្រោះនាង។
ក្មេងស្រីនោះ ត្រូវបានគេប្រទះឃើញដោយអ្នកភូមិ ក្នុងដែនជម្រកសត្វព្រៃ Katarniaghat នៅតាមព្រំដែនឥណ្ឌា ជាមួយប្រទេសនេប៉ាល់។
មន្ត្រីប៉ូលិស លោក Suresh Yadav បាននិយាយថា សត្វស្វានេះ បានវាយប្រហារមកលើក្រុមលោក នៅពេលដែលពួកគេយកនាងចេញទៅឆ្ងាយពីពួកវា។
ក្រុមគ្រូពេទ្យ បានឲ្យដឹងបន្ថែមថា នាងត្រូវបានគេខ្វះអាហារូបត្ថម្ភ នៅពេលដែលនាង ត្រូវពួកស្វាទាំងនោះ នាំយកទៅនៅជាមួយ ដោយមានសក់ និងក្រចកវែង ព្រមទាំងមានរបួសជាច្រើននៅលើរាងកាយផងដែរ។
នាងមិនអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទេ គ្រាន់តែអាចបន្លឺសូរសំទ្បេងងឺៗច្រេចៗ និងដើរជើងបួន។
ស្ថានភាពរបស់នាង ត្រូវបានមើលឃើញថា ឥឡូវនេះ ល្អប្រសើរជាងមុន ហើយនាងនឹងត្រូវគេប្រគល់ទៅឲ្យទីភ្នាក់ងារ សុខមាលភាពកុមារ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តផ្សេងទៀត ដើម្បីផ្តល់ការណែនាំឲ្យនាងបានយល់ដឹងទ្បើងវិញ នូវពិភពលោកជុំវិញ៕
មតិយោបល់