ម៉ិកស៊ិកៈ តាមអាជ្ញាធរក្នុងប្រទេស បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៥ រ៉ិចទ័ បានវាយប្រហារនៅរដ្ឋធានីម៉ិកស៊ិក ខណៈមនុស្សម្នារាប់ពាន់នាក់ បាននាំគ្នាចេញពីអគារជាច្រើនមកឈរតាមដងផ្លូវនានា ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
រញ្ជួយដីនេះ បានកើតទ្បើងនៅល្ងាចថ្ងៃសុក្រ ដែលវាមានជម្រៅ ៤៣ គីឡូម៉ែត្រ ត្រូវបានគេចាត់ទុកថា មានជម្រៅរាក់ ហើយទំនងជាបណ្តាលឲ្យមានការខូចខាតច្រើន បើធៀបទៅនឹងគ្រោះរញ្ជួយដី ដែលមានជម្រៅជ្រៅខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារអង្កេតទីតាំងភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយនេះ បានប្រែមកជាសភាពស្ងាប់ស្ងាត់ ខណៈដែលប្រជាជនក៏បានវិលត្រឡប់ទៅបំពេញការងារធម្មតារបស់ពួកគេវិញផងដែរ។
យោងទៅតាមមជ្ឈមណ្ឌលព្រមាននៃរលកស៊ូណាមិជាតិ បាននិយាយថា រញ្ជួយដីនេះ មិនត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យសញ្ញាព្រមានពីរលកយក្សស៊ូណាមិនោះទេ៕
មតិយោបល់