ព័ត៌មានអន្តរជាតិ

ការស្វែងរកបំណែកបាក់បែកយន្តហោះ EgyptAir បង្ហាញពីទីតាំងនៃការធ្លាក់

អេហ្ស៊ីប: របាយការណ៍របស់ទីភ្នាក់ងារ MENA បានឲ្យដឹងថា ការស្វែងរក នៃយន្តហោះ EgyptAir MS804 ដែលធ្លាក់ចូល ក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីពេលថ្មីៗកន្លងទៅ ដែលធ្វើទ្បើងដោយរដ្ឋាភិបាលអេហ្ស៊ីប បានបង្ហាញពីទីតាំងនៃការធ្លាក់ជាច្រើន តាមរយ:បំណែករបស់វា។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមអ្នកស្វែងរក និងស៊ើបអង្កេតការនៅលើនាវា បានគូសផែនទីសម្រាប់ បំណែកយន្តហោះ ដែលធ្លាក់ខ្ចាត់ខ្ចាយ បន្ទាប់ពីវាត្រូវបានគេរកឃើញ នៅតំបន់ដែលស្វែងរក។

ជើងហោះហើរយន្តហោះ EgyptAir MS804 ប្រភេទ Airbus A320 បានបាត់ខ្លួនពីអេក្រង់រ៉ាដា កាលពីខែឧសភា អំទ្បុងពេលធ្វើដំណើរពី ទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ ជាមួយនឹងអ្នកដំណើរចំនួន ៦៦ នាក់ នៅលើយន្តហោះ ដោយក្នុងនោះ ៣០ ជាជនជាតិអេស្ស៊ីប និង ១៥នាក់ទៀត ជាជនជាតិបារាំង។

គួរបញ្ជាក់ដែរថា យន្តហោះនេះ ត្រូវបានប្រកាសថាធ្លាក់ ក្រោយពីយោធា អេហ្ស៊ីបបានរកឃើញទ្រព្យសម្បត្ដិផ្ទាល់ខ្លួនមួយចំនួន នៃជនរងគ្រោះ និងបំណែកតូចមួយនៃយន្តហោះនេះ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចម្ងាយ ២០៩ គីឡូម៉ែត្រ ភាគខាងជើងទីក្រុងឆ្នេរសមុទ្រអាឡិចសាន់៕

មតិយោបល់