ព័ត៌មានជាតិ

មន្ត្រីពេទ្យជាប់កិច្ចសន្យា៨២នាក់នៅស្រុករមាសអំពាវនាវសុំឲ្យសម្តេចតេជោ អន្តរាគមន៍បញ្ចូលក្របខណ្ឌរដ្ឋ

ស្វាយរៀង: មន្រ្តីពេទ្យជាប់កិច្ចសន្យាចំនួន៨២នាក់ដែលបម្រើការងារនៅតាមមណ្ឌលសុខភាព និងនៅក្នុងមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក បានមកជួបជុំគ្នាសុំឲ្យលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបកស្រាយអំពីការបញ្ចូលក្របខណ្ឌរដ្ឋដល់មន្ត្រីជាប់កិច្ចសន្យា និងភាពមិនប្រកតីក្នុងការបញ្ជូនឈ្មោះអ្នកមិនមែនជាមន្រ្តីជាប់កិច្ចសន្យាបញ្ចូលទៅក្នុងក្របខណ្ឌរដ្ឋ ដោយអយុត្តិធម៌។ហើយបានអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាលបញ្ចូលមន្ត្រីជាប់កិច្ចសន្យា ទាំង៨២នាក់បានជាប់ជាបុគ្គលិកក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើការងារសុខាភិបាលបន្តទៀត។

ករណីមន្រ្តីជាប់កិច្ចសន្យាមកជួបជុំគ្នានេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង​០០ព្រឹកថ្ងៃទី១៥ មិថុនា ២០១៦ នៅសាលប្រជុំមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត អន សុផាត អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក និងលោកលោកស្រី មន្រ្តីមន្ទីរសុខាភិបាលខេត្ត និងប្រធានមណ្ឌលសុខភាពទាំង១១ ក្នុងស្រុករមាសហែកសរុបជាង ១០០នាក់។ហើយបានបញ្ចប់ទាំងចម្រូងចម្រាស់នៅវេលាម៉ោង១០និង៣០នាទីព្រឹកដោយអវត្តមានលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

បើតាមមន្រ្តីជាប់កិច្ចសន្យាម្នាក់បានឲ្យដឹងថា រឿងដែលនាំឲ្យមានការចម្រូងចម្រាស់នោះគឺ មកពីមុនកិច្ចប្រជុំចាប់ផ្តើមគឺ លោកវេជ្ជបណ្ឌិត អន សុផាត អនុប្រធានមន្ទីរសុខាភបាលបានឲ្យមន្រ្តីជាប់កិច្ចសន្យាទាំងអស់ផ្តិតមេដៃ ក៏ប៉ុន្តែ មន្រ្តីទាំងអស់មិនព្រមផ្តិតមេដៃទេ សុំឲ្យបកស្រាយបញ្ហាការបញ្ជូនឈ្មោះមន្រ្តីជាប់កិច្ចសន្យាទៅក្រសួងសុខាភិបាលសង្សយ័ថា ខុសប្រកតី។

លោកវេជ្ជបណ្ឌិត អន សុផាត ក៏បានឲ្យមន្ត្រីជាប់កិច្ចសន្យាដែលមានសញ្ញាបត្រឯកទ្ទេសពេទ្យអង្គុយម្ខាងអ្នកគ្មានសញ្ញាបត្រអង្គុយម្ខាង ហើយហៅប្រធានមណ្ឌលសុខភាពចេញមកអង្គុយខាងមុខ។

មន្រ្តីជាប់កិច្ចសន្យាគ្មានសញ្ញាបត្រតែមានវិញ្ញាបនបត្រមានចំនួន២៨នាក់, មន្រ្តីជាប់កិច្ចសន្យាមានសញ្ញាបត្រ មានចំនួន៥៤នាក់។

ការចោតសួរយ៉ាងចម្រូងចម្រាស់ឈ្មោះ ស៊ុ ឧត្តម ជាមន្រ្តីជាប់កិច្ចសន្យាបម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកបានសួរថា រូបគាត់មានសញ្ញាបត្រសម័យប្រឡងថ្ងៃទី១៦ ធ្នូ ២០១៣ ចេញដោយនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចុះថ្ងៃទី២៧ ធ្នូ ២០១៣ ចុះហត្ថលេខាដោយលោកសាស្ត្រាចារ្យ ប៉ែន ម៉ារឌី ។ ហើយបានបម្រើការងារជិត៣ឆ្នាំមិនបានបញ្ចូលជាបុគ្គលិកក្របខណ្ឌរដ្ឋ ជាពិសេសមានមនុស្ស០៥នាក់ដែលជាអ្នកមកពីក្រៅយកទៅបញ្ចូលក្របខណ្ឌរដ្ឋ (១-ឡាំ យឿន ២-ហ៊ុន ឡៃ ៣-អ៊ុក សុវណ្ឌី ៤-ម៉ៅ សារឿន និង ៥-ឈ្មោះ ឆាយ សារ៉េត ភេតស្រីប្រឡងពេទ្យមធ្យមធ្លាក់គ្មានសញ្ញាបត្រទេ តើជាប់ក្របខណ្ឌដោយរបៀបណា! ។ បន្ទាប់មកលោកវេជ្ជបណ្ឌិត អន សុផាត បានអានប្រកាសរបស់ក្រសួងសុខាភិបាលសង្កត់ធ្ងន់ត្រង់ចំណុចមន្រ្តីជាប់កិច្ចសន្យាមានឯកទ្ទេសសុខាភិបាលចំនួន ៣៦១៦កន្លែង គឺបញ្ចូលជាបុគ្គលិកក្របខណ្ឌរដ្ឋ។ លទ្ធផលមាន៥ក្រុម៖ មន្ត្រីជាប់កិច្ចសន្យាបានបង្ហាញសញ្ញាបត្រ០៤ប្រភេទ គឺ៖ ទី១ចេញដោយនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។ ២សញ្ញាបត្រគិលានុបដ្ឋាយិកាមធ្យម រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះហត្ថលេខាដោយវេជ្ជ អ៊ឹង កែន។ ៣វិញ្ញាបនបត្របញ្ជាក់ការសិក្សា នាយកវិទ្យាដ្ឋានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទចុះ​ហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក វេជ្ជ លន់សុខុម ។ ៤វិបនបត្របញ្ចប់ការសិក្សនាយកចាត់ការសុខាភិបាល7D កំពង់ចាម ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ត្រីវេជ្ជ លី សុវណ្ណ ថ្ងៃទី១០ ខែតុលា ២០០៤ និងទី៥អ្នកគ្មានសញ្ញាបត្រ២៨នាក់។ បន្ទាប់មកក្រុមមន្ត្រីជាប់កិច្ចសន្យាទាំង៨២នាក់បានចាក់សម្លេងតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃទី១២ ឧសភា ២០១៦ នៅក្នុងពិធីចែកសញ្ញាបត្រនៅសកលវិទ្យាល័យអាយអាយស៊ីរាជធានីភ្នំពេញថា មន្រ្តីជាប់កិច្ចសន្យា ៣,៨០០នាក់ ដែលមានប្រាក់បៀវត្សស្រាប់បញ្ចូលជាបុគ្គលិកក្របខណ្ឌរដ្ឋទាំងអស់ជាពិសេសមន្រ្តីជាប់កិច្ចសន្យាដែលធ្វើការ១០ឆ្នាំហើយ ឲ្យគាត់ចាស់ទៅមានប្រាក់ចូលនិវត្តិផង ហើយមន្ត្រីជាប់កិច្ចសន្យានៅស្រុករមាសហែកនេះ ពេទ្យឆ្មបមណ្ឌលសុខភាពខ្លះធ្វើការ១៧ឆ្នាំហើយ នៅតែជាបុគ្គលិកជាប់កិច្ចសន្យាដដែល។

លោកវេជ្ជបណ្ឌិត​ អន សុផាត អនុប្រធានមន្ទីសុខាភិបាលបានមានប្រសាសន៍ថា មន្ទីរសុខាភិបាលបានមានប្រសាសន៍ថា មន្ទីរសុខាភិបាលនិងរៀបចំឯកសារអ្នកមានសញ្ញាបត្រត្រឹមត្រូវបញ្ជូនទៅក្រសួងសុខាភិបាលពិនិត្យជាលើកទី២ ក៏ប៉ុន្តែ បានក្របខណ្ឌរដ្ឋ ឬ មិនបាននោះ គឺជាការសម្រេចរបស់ក្រសួងសុខាភិបាល។ បន្ទាប់មកលោកវេជ្ជអន សុផាតបានឲ្យអ្នកមានសញ្ញាបត្រ ផ្តិតមេដៃដោយមានថា ខ្ញុំឈ្មោះបានរៀនឯកទេសពេទ្យពីថ្ងៃទីខែឆ្នាំបញ្ចប់នៅថ្ងៃទីខែឆ្នាំ សូមសន្យាថាសញ្ញាបត្រនេះពិតជាត្រឹមត្រូវបើមិនត្រឹមត្រូវសូមទទួលទោសតាមច្បាប់ជាធរមាន ទើបមន្រ្តីទាំង៥៤នាក់ដែលមានសញ្ញាបត្រមិនព្រមផ្តិមេដៃដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថាសញ្ញាបត្រនាយកដ្ឋានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ និងវិញ្ញាបនបត្របញ្ចប់ការសិក្សា នាយកចាត់ការសុខាភិបាល7D កំពង់ចាមក្រសួងសុខាភិបាលមិនទទួលស្គាល់ទេ។

រីឯលោកលោកស្រីប្រធានមណ្ឌលសុខភាពបានសួរថា តើហេតុអ្វីបានជាក្រសួងសុខាភិបាលមិនទទួលស្គាល់សញ្ញាបត្រចេញដោយវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ បើមិនទទួលស្គាល់ សូមក្រសួងសុខាភិបាលបកស្រាយជាសាធារណ: ដោយមន្រ្តីជាប់កិច្ចសន្យាជាង២០០នាក់ទូទាំងខេត្តស្វាយរៀងភាគច្រើនមានសញ្ញាបត្រចេញដោយវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ និងនាយកទីចាតការសុខាភិបាល7Dកំពង់ចាម។

មន្រ្តីពេទ្យជាប់កិច្ចសន្យាជាង២០០នាក់ក្នុងខេត្តស្វាយរៀង សូមអំពាវនាវដល់ក្រសួងសុខាភិបាលមេត្តាចុះអធិការកិច្ចឈ្មោះមន្រ្តីជាប់កិច្ចសន្យាចំនួន៤៨នាក់ឡើងវិញ ជាពិសេសពិនិត្យមន្រ្តី៥នាក់ខាងលើដែលបញ្ជាក់ថា ជាមន្រ្តីជាប់កិច្ចសន្យាបានបញ្ចូលក្របខណ្ឌរដ្ឋដូចជាឈ្មោះ ឆាយ សារ៉េត ភេទស្រីប្រឡងពេទ្យឆ្មបមធ្យមធ្លាក់ (នៅមណ្ឌលសុខភាពចន្រ្តីមិនដែលឃើញមុខ)ហើយឈ្មោះ ម៉ៅ សារឿន កំពុងរៀនឆ្នាំទី៣ នៅប្រទេសវៀតណាម។ ពួកគាត់បានដាក់សង្ស័យថា មានរឿងមិនប្រកតី និងមានអំពើពុករលួយដោយពួកគាត់និយាយថា នៅថ្ងៃទី២៥ ឧសភា ២០១៦ មានគេទូរសព្ទ័ចូលពួកគាត់ដោយប្រាប់ថា គេនៅមន្ទីរសុខាភិបាលបើចង់ជាប់ក្របខណ្ឌស្វាយប្រវត្តិថ្នាក់លើយក៦ពាន់ដុល្លារ បើយល់ព្រមយកប្រត្តិរូបឡើងមកជួបគេនៅខេត្ត៕

មតិយោបល់