ហ្វីលីពីនៈ សភាក្នុងប្រទេសហ្វីលីពីន បានអនុម័តសំណើរបស់ប្រធានាធិបតីលោក Rodrigo Duterte នៅថ្ងៃពុធនេះ ដើម្បីពង្រីកវិសាលភាពច្បាប់អាជ្ញាសឹក នៅកោះមីនដាណាវ សម្រាប់រយៈពេលមួយឆ្នាំបន្ថែមទៀត ក្នុងការបង្ក្រាបក្រុមភេរវករ និងពួកឧទ្ទាម នៅតំបន់ភាគខាងត្បូងប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
ក្រោយពីការពិភាក្សាគ្នា អស់រយៈពេលជាងបួនម៉ោង នៅក្នុងសម័យប្រជុំពិសេសមួយ សមាជិកសភាបានយល់ព្រមអនុម័តសំណើរបស់លោក Duterte ជាមួយសំទ្បេងបោះឆ្នោតគាំទ្រ ១៤ ទល់និង៤ សំទ្បេងនៅក្នុងព្រឹទ្ធសភា និង ២២៦ ទល់នឹង ២៣ សំទ្បេង នៅក្នុងសភាជាតិ ដើម្បីអាចឲ្យកោះមីនដាណាវ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា រហូតដល់ខែធ្នូ ឆ្នាំក្រោយ។
សូមជំរាបថា លោក Duterte បានប្រកាសដាក់ច្បាប់អាជ្ញាសឹករយៈពេល ៦០ ថ្ងៃ នៅកោះមីនដាណាវ កាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅ បន្ទាប់ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានឡោមព័ទ្ធម៉ារ៉ាវី ដែលជាទីក្រុងមួយ ភាគច្រើនសុទ្ធសឹងតែពួកមូស្លីមរស់នៅ ក្នុងកោះមីនដាណាវ។
ដោយសំអាងហេតុផលថា រដ្ឋាភិបាលត្រូវការពន្យារពេល ក្នុងការផ្អាកដំណើរការច្បាប់នេះ រហូតដល់ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដណ្ដើមទីក្រុងម៉ារ៉ាវី យកមកកាន់កាប់វិញពីពួកសកម្មប្រយុទ្ធ IS ទើបសំណើមួយនេះ ត្រូវបានសមាជិកសភាយល់ព្រមអនុម័ត៕
មតិយោបល់