ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Rooney ឈ្នះវែលយប់មិញ បាញ់ Bale កប់ៗម៉ង់

ការប្រកួត Euro 2016 យប់មិញនេះ ក្រុមជម្រើសជាតិអង់គ្លេសបានឈ្នះវែល ដោយលទ្ធផល ២-១ ហើយក្រោយចប់ការប្រកួតប្រធានក្រុម Wayne Rooney ក៏បានបញ្ចេញអារម្មណ៍វាយបកទៅលើកីឡាករ Gareth Bale របស់វែលផងដែរ។

និយាយពីរឿងពាក្យដៀមដាមគ្នានេះដែរ ដំបូងឡើយ Bale បាននិយាយថា ក្រុមរបស់ខ្លួនតែងតែមានសមត្ថភាពបោះបាល់ឲ្យគ្នាបានល្អណាស់ ដោយល្អជាងក្រុមអង់គ្លេសទៅទៀត ខណ:ដែលកីឡាករក្រុមអង់គ្លេសទាំងអស់មិនមានម្នាក់ណាមានសមត្ថភាពអាចលេងឲ្យជម្រើសជាតិវែលបាននោះទេ។

ហើយនៅពេលនេះ Rooney បានចេញមុខមកឆ្លើយតបវិញហើយថា សម្ដីរបស់ Bale មិនអាចប៉ះពាល់ដល់ក្រុមអង់គ្លេសនោះទេ ដោយសូម្បីតែបន្តិចក៏គ្មានប្រសិទ្ធភាពដល់អារម្មណ៍របស់កីឡាករអង់គ្លេសដែរ។ លើសពីនេះទៅទៀត វត្តមានរបស់ Bale ក៏មិនអាចជួយអ្វីច្រើនដល់ជម្រើសជាតិវែលដែរ។

ការប្រកួតពានរង្វាន់ Euro 2016 ក្រុមអង់គ្លេស វែល រុស្ស៊ី និងស្លូវ៉ាគី នៅពូល B ជាមួយគ្នាដោយពួកគេបានប្រកួត២ប្រកួតមកហើយ ប៉ុន្តែមិនទាន់ច្បាស់ថា ក្រុមណាត្រូវឡើងទៅវគ្គបន្ដនោះទេ ពោល គឺក្នុងពូលក្រុមអង់គ្លេសនៅលេខមួយ មាន៤ពិន្ទុ វែលលេខ២ មាន៣ពិន្ទុ ស្លូវ៉ាគីលេខ៣ មាន៣ពិន្ទុ និងរុស្ស៊ីលេខ៤ មាន១ពិន្ទុ។ ការប្រកួតកាត់សេចក្ដីរបស់ពួកគេនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ ដោយក្រុមអង់គ្លេស ប៉ះស្លូវ៉ាគី និងរុស្ស៊ីប៉ះវែល៕

មតិយោបល់