ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបើកការវាយប្រហារថ្មី នៅស៊ីរី ខណៈចោទប្រកាន់រឿងប្រើអាវុធគីមី

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាទៅលើស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា នឹងបើកការវាយប្រហារថ្មីមួយ ដើម្បីប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

កាលពីសប្ដាហ៍មុន នៅឯសេតវិមាន បានបើកកិច្ចប្រជុំមួយ ស្តីពីស្ថានភាពនៅស៊ីរី ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយក៏មានការចូលរួមពីរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខមាតុភូមិ​ John Kelly ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Herbert McMaster និងរដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក​លោក Jim Mattis ផងដែរ។

ដោយកាសែត Washington Post បានស្រង់សម្តីមន្រ្តីអាមេរិកម្នាក់ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋបាលលោក ត្រាំ បានពិភាក្សាគ្នាអំពីលទ្ធភាព សម្រាប់សកម្មភាពយោធាថ្មីរបស់អាមេរិ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ដែលវាជាវិធានការដាក់ទណ្ឌកម្មមួយ ទាក់ទងនឹងការចោទប្រកាន់ពីបទប្រើប្រាស់អាវុធគីមី នៅតំបន់ Eastern Ghouta របស់ស៊ីរី៕

មតិយោបល់