ប្រធានាធិបតីចិនលោក ស៊ី ជីងពីង និងសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទ ដោយបានឯកភាពបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសម្របសម្រួលលើឧបទ្វីបកូរ៉េ និងបញ្ហាដ៏ទៃទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។
បន្ទាប់ពីការមកដល់ទីក្រុងម៉ូស្គូ លោក ស៊ី បានជួបជាមួយលោក ពូទីន ភ្លាមៗនៅឯវិមានក្រឹមទ្បាំង ដោយលោកបានលើកថា ប្រទេសចិន និងរុស្ស៊ី គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ហើយវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរក្នុងការបង្កើនទំនាក់ទំនងលើកិច្ចសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ។
លោក ស៊ី បានបន្ថែមថា «ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងខ្ជាប់ខ្ជួន ក្នុងការបន្តដំណើរការអភិវឌ្ឍ រួមទាំងការការពារអធិបតេយ្យភាព ,សន្តិសុខជាតិ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍របស់ខ្លួនផងដែរ» ដោយលោក ស៊ី បានបញ្ជាក់ថា « តាមរយៈកិច្ចសម្របសម្រួលសកម្មភាពលើបញ្ហាក្នុងតំបន់ និងពិភពលោកសំខាន់ៗ នឹងជួយដោះស្រាយហានិភ័យ ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់សន្តិភាព, ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក«។
ក្នុងនោះលោកពូទីន ក៏បាននិយាយផងដែរថា លោកយល់ស្របតាមសមភាគីចិន ដើម្បីបង្កើនការគាំទ្រគ្នា ទៅវិញទៅមក និងពង្រឹងការសម្របសម្រួលដោះស្រាយបញ្ហាសំខាន់ៗ ក្នុងតំបន់ និងសកល៕
មតិយោបល់