រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃច័ន្ទថា យន្ដហោះចម្បាំងខ្លួន Su-35 ចំនួន ២៥ គ្រឿងបានចុះចតជាលើកដំបូង នៅឯអាកាសយានដ្ឋានមួយ នៅកោះ Iturup (ហៅដោយប្រទេសជប៉ុនថា Etorofu ) ជាកោះមួយ ក្នុងចំណោមកោះបួន នៅតំបន់ប៉ាស៊ីហ្វិក ដែលកំពុងមានការទាមទារពីប្រទេសរុស្ស៊ី និងជប៉ុន ក្នុងអំឡុងពេលហ្វឹកហាត់សមយុទ្ធ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
ប្រភពដដែលបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះ បានហោះចេញពីតំបន់ខាបាវ៉ូស ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី ដោយហោះបានចម្ងាយជាង ២.០០០ គីឡូម៉ែត្រ រួចក៏បានវិលត្រឡប់ទៅកាន់មូលដ្ឋានវាវិញ បន្ទាប់ពីបញ្ចប់ការធ្វើយមយុទ្ធ។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនការហ្វឹកហ្វឺនជើងហោះហើរ ក៏ដូចជាជំនាញអាកាសយានិក ក្នុងការការពារព្រំដែនអាកាស។
សូមជំរាបថា Su-35s គឺជាយន្តហោះប្រភេទ Su-35 មានកន្លែងអង្គុយតែមួយ និងម៉ាស៊ីនភ្លោះ ដែលអាចហោះហើរបានខ្ពស់ ហើយត្រូវបានបញ្ជាទិញដំបូង ដោយកងទ័ពអាកាសរុស្ស៊ី ក្នុងឆ្នាំ ២០០៩៕
មតិយោបល់