នាវាចម្បាំងប្រមាណ ៤០ គ្រឿង នឹងចូលរួមនៅក្នុងក្បួនព្យុហយាត្រារបស់កងទ័ពជើងទឹករុស្ស៊ី

រុស្ស៊ីៈ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃពុធថា នៅឆ្នាំនេះ នាវាចម្បាំងជាង ៤០ គ្រឿង រួមទាំងយន្តហោះចម្បាំង ២៥ គ្រឿង និងទាហានជាង ៤,០០០ នាក់ នឹងចូលរួមនៅក្នុងក្បួនព្យុហយាត្រាកងទ័ពជើងទឹក នៅទីក្រុង St. Petersburg។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ក្បួនព្យុហយាត្រានេះ គឺមានគោលបំណងបង្ហាញពីភាពរឹងមាំ នៃកងទ័ពជើងទឹករុស្ស៊ី ដើម្បីត្រៀមខ្លួនបំពេញភារកិច្ចជាច្រើន នៅក្នុងតំបន់ណាមួយ នៃមហាសមុទ្ររបស់ពិភពលោក។

ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែកក្កដាខាងមុខ ដែលជាថ្ងៃនៃទិវាកងទ័ពជើងទឹករុស្ស៊ី។

កាលពីរដូវក្តៅមុន ក្បួនដង្ហែកងទ័ពជើងទឹកលើកដំបូង ត្រូវបានរៀបចំឡើងតាមសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប៉ុន្ដែឥឡូវនេះ វាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ៕

មតិយោបល់