អ៊ីរ៉ង់ៈ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានច្រានចោលការចោទប្រកាន់អំពីកម្មវិធីនុយក្លេអ៊ែរ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ថា «ជារឿងឥតបានការ»។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង លោក Bahram Qasemi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បទបង្ហាញការឃោសនា ដ៏គួរឱ្យអស់សំណើចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺជាផ្នែកមួយនៃការបង្ហាញពីភាពអាម៉ាស់ និងឥតប្រយោជន៍ ទាក់ទងនឹងបទចោទប្រកាន់ថា អ៊ីរ៉ង់ កំពុងលាក់បាំងអំពីកម្មវិធីនុយក្លេអ៊ែរ។
ដោយលោក Qasemi បានឲ្យដឹងទៀតថា ការចោទប្រកាន់នេះ គឺមានគោលបំណង ដើម្បីបំផុសបំផលភាពកុហក និងការបោកប្រាស់តែប៉ុណ្ណោះ។
សូមជំរាបថា នៅក្នុងបទបង្ហាញតាមទូរទស្សន៍មួយ កាលពីថ្ងៃចន្ទនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានលាតត្រដាងនូវឯកសារ ដែលបង្ហាញថា អ៊ីរ៉ង់បានធ្វើការយ៉ាងសម្ងាត់ ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ៕
មតិយោបល់