អាមេរិកៈ អភិបាលរងកោះហ្គាម បាននិយាយកាលពីថ្ងៃអង្គារថា មិនមានអ្វីត្រូវគំរាមកំហែងមកកាន់កោះហ្គាមទៀតនោះទេ ខណៈក្រុមមន្ត្រីមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានរបាយការណ៍មួយ ដែលបញ្ជាក់ថា កូរ៉េខាងជើង បានផ្អាកផែនការវាយប្រហារមីស៊ីល ទៅកាន់មូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
កាលពីប៉ុន្មានថ្ងៃកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន កំពុងរៀបចំផែនការមួយ ដើម្បីវាយប្រហារមីស៊ីល ឆ្ពោះទៅកាន់ទឹកដីអាមេរិក នៅតំបន់សមុទ្រប៉ាស៊ីហ្វិក។
ប្រភពព័ត៌មានដដែរ បានឲ្យដឹងទៀតថា លោក គីម បានត្រួតពិនិត្យការបញ្ជាកងកម្លាំងយុទ្ធសាស្រ្តរបស់ខ្លួន កាលពីថ្ងៃច័ន្ទ ជាមួយនឹងការស្តាប់របាយការណ៍ពីកងកម្លាំង ស្តីពីការរៀបចំរបស់ពួកគេ ក្នុងការអនុវត្តផែនការវាយប្រហារមីស៊ីល ទៅកាន់កោះហ្គាម។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯបរិវេណអគាររដ្ឋាភិបាលនៅកោះហ្គាម លោកវរសេនីយ៍ទោ Ray Tenorio បាននិយាយថា «យើងមានការសប្បាយយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ផែនការវាយប្រហារមីស៊ីល ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង នឹងលែងបន្តការគំរាមកំហែងដល់កោះហ្គាម នៅពេលនេះ»។
ក្នុងនោះលោកបានបន្ថែមថា «តាមរបាយការណ៍ដែលយើងបានដឹង វាហាក់ដូចជមិនមានអ្វីត្រូវផ្លាស់ប្តូរ ដោយសារការគំរាមគំហែងណាមួយ ដ៏ខ្លីនាពេលខាងមុខនោះទេ ហើយកោះហ្គាមនឹងនៅតែមានដំណើរការដូចធម្មតា»៕
មតិយោបល់