អង់គ្លេសៈ យោងតាមតួលេខថ្មី ពីអង្គភាពលុបបំបាត់ការជួញដូរអាវុធអន្តរជាតិ (CAAT) បានឲ្យដឹងថា ចក្រភពអង់គ្លេស បានអនុញ្ញាតឲ្យមានការនាំចេញអាវុធយ៉ាងច្រើន ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងឆ្នាំ ២០១៧ ចក្រភពអង់គ្លេស បានចេញអាជ្ញាប័ណ្ណអាវុធ គិតជាទឹកប្រាក់ចំនួន ២៩៤ លានដុល្លារអាមេរិក សម្រាប់ក្រុមអ្នកម៉ៅការការពារជាតិ ដើម្បីនាំចេញអាវុធទៅកាន់អ៊ីស្រាអ៊ែល ដែលវាមានកើនឡើងចំនួន ២៥៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦ គឺបានផ្តល់អាជ្ញាប័ណ្ណអាវុធ ជាមួយទឹកប្រាក់ត្រឹមតែ ១១៤ លានដុល្លារអាមេរិកប៉ុណ្ណោះ។
សរុបមកចក្រភពអង់គ្លេស បានលក់អាវុធ និងគ្រឿងបរិក្ខារយោធា ដែលមានតម្លៃជាង ៣៥០ លានផោន ស្មើនឹង ៤៦៦លានដុល្លារអាមេរិក ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
ក្នុងចំណោមអាវុធដែលចក្រភពអង់គ្លេស លក់ទៅឲ្យអ៊ីស្រាអែល រួមមានកាំភ្លើងវាយប្រហារអាវុធធុនតូច កាំភ្លើង sniper និងសម្ភារយោធាផ្សេងៗទៀត។
តួលេខថ្មីនេះ ត្រូវបានបោះពុម្ពផ្សាយ ចំពេលមានការឆ្លើយតបដ៏សាហាវរបស់កងទ័ពអ៊ីស្រាអែល ទៅលើក្រុមអ្នកតវ៉ាប៉ាឡេស្ទីន នៅភាគខាងកើតតំបន់ហ្គាហ្សាស្ទ្រីប ក្បែររបងព្រំដែនអ៊ីស្រាអែល ចាប់តាំងពីចុងខែមីនាកន្លងមក។
ដោយយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២០ នាក់ត្រូវបានសម្លាប់ និងជាង ១៣,០០០នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារពីសំណាក់ទាហានអ៊ីស្រាអែល៕
មតិយោបល់