អ៊ីស្រាអែលៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបពិភាក្សាជាមួយព្រះមហាក្សត្រហ្ស៊កដានី ព្រះអង្គម្ចាស់ Abdullah II នៅរដ្ឋធានី Amman ទាក់ទងនឹងការអភិវឌ្ឍឲ្យជឿនលឿននៅក្នុងតំបន់ សម្រាប់ដំណើរទស្សនកិច្ចមកកាន់រដ្ឋធានី នៃប្រទេសហ្ស៊កដានី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
តាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា លោក Netanyahu បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការរក្សាជំហរដដែល នៅឯទីសក្ការបូជា ក្នុងទីក្រុងយេរូសាឡឹម ខណៈដែលហ្ស៊កដានី គឺជាអ្នកមើលថែជាផ្លូវការលើវិហារសាសនាអ៊ីស្លាម នៅក្រុងយេរូសាឡឹម។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ហ្ស៊កដានី Petra បាននិយាយថា ព្រះមហាក្សត្រ Abdullah II បានសង្កត់ធ្ងន់ថា ទីក្រុងយេរូសាឡឹម មានសារៈសំខាន់ណាស់ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម និងគ្រីស្ទាន ក៏ដូចជាសម្រាប់ពួកសាសន៍យូដា ដោយព្រះអង្គបានបញ្ជាក់ថា បញ្ហានៅទីក្រុងដ៏ពិសិដ្ឋមួយនេះ ត្រូវតែដោះស្រាយ នៅក្នុងកិច្ចព្រមព្រៀង ដោយផ្អែកលើមូលដ្ឋានដំណោះស្រាយរបស់រដ្ឋទាំងពីរ៕

មតិយោបល់