ព័ត៌មានអន្តរជាតិ

ក្រោយការរង្គោះរង្គើ និងផ្ទុះការតវ៉ា លោក ​ត្រាំ ​ជំរុញ​ឲ្យ​សមា​ជិកសភា​គណបក្ស​ខ្លួន ​បោះ​បង់​ចោល​សេចក្តី​ព្រាង​ច្បាប់​អន្តោប្រវេសន៍​

អាមេរិកៈ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​កាលពី​ថ្ងៃ​សុក្រ ​បាន​ជំរុញសមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ ​​បោះ​បង់​ចោល​ការប្រឹង​ប្រែង ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អន្តោ​ប្រវេសន៍ ​បន្ទាប់ទទួលការ​ស្តីបន្ទោសពីខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ ចំពោះ​ការ​មិន​គាំទ្រ​របស់​ពួក​គេ​លើ​សេចក្តី​ព្រាង​ច្បាប់​អន្តោ​ប្រវេសន៍​២។

ដោយ​លោក ​ត្រាំ​ បាន​សរសេរ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ​​ថា៖ «គណបក្ស​សាធារ​ណរដ្ឋ ​ត្រូវ​តែ​បញ្ឈប់ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​ខ្លួន​​ស្ដីពីជន​អន្តោ​ប្រវេសន៍​ រហូតទាល់តែគណបក្សយើង ​បោះ​ឆ្នោត​រើស​សមាជិក​ព្រឹទ្ធសភា​ និង​សភា​តំណាង​រាស្រ្ត ​កាន់​តែ​ច្រើន​ឡើង ​នៅ​ខែ​វិច្ឆិកាខាងមុខ»។

ក្នុងនោះលោក បានបន្ថែមថា ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ កំពុង​តែ​លេង​ល្បែងជាមួយបក្សលោក ខណៈពួកគេ​មិន​មាន​​បំណងធ្វើការ​ដោះ​ស្រាយ​បញ្ហា ​ដ៏រ៉ាំរ៉ៃរាប់​ទសវត្សរ៍​មួយនេះ​ទេ។ តែយ៉ាងណាលោកបញ្ជាក់ថា គណបក្សលោក ​នឹងអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះទ្បើង ​បន្ទាប់​ពី​គណបក្ស​លោកឈ្នះការបោះឆ្នោត»។

សូមជំរាបថា លោក​ប្រធានា​ធិបតី​ត្រាំ ​នឹង​ពិភាក្សា​បញ្ហា​ជន​អន្តោ​ប្រវេសន៍​​នៅ​សេតវិមាន ​ជាមួយ​ក្រុម​គ្រួសារ​ ដែល​មាន​សាច់​ញាតិ​ត្រូវ​បានសម្លាប់​ដោយ​មនុស្ស​ បន្ទាប់ពីបាន​ចូល​មកក្នុង​​អាមេរិក​ដោយខុស​ច្បាប់៕

មតិយោបល់