Post News Media ព័ត៌មានជាតិ អាសូរណាស់! ជិ...

អាសូរណាស់! ជិះម៉ូតូឌុបប្រពន្ធទៅមើលកូនឈឺនៅស្រុក ត្រូវឡានក្រុងកិនស្លាប់នៅលើស្ពានជ្រោយចង្វារ!..

ភ្នំពេញ: ប្តីប្រពន្ធ២នាក់ជិះម៉ូតូឌុបគ្នា ខណ:មកដល់លើស្ពានជ្រោយចង្វារគេចរ៉ឺម៉កកង់បី ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តក្រុងរបស់រដ្ឋ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តក្រុង ពណ៌ស លាយខៀវ ពាក់ស្លាកលេខរដ្ឋ37 3.0017 មិនបានស្គាល់ឈ្មោះអ្នកបើកនោះទេ។
ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B 8124 ជិះដោយប្តីប្រពន្ធ២នាក់ ប្តីឈ្មោះចិន្តា អាយុ៣០ឆ្នាំ និងសពស្ត្រីជាប្រពន្ធមានឈ្មោះ ម៉ន ពៅ អាយុ២៨ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្រ អ្នកទាំង២នាក់ មានទីលំនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីប្តីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូឌុបប្រពន្ធឆ្លងស្ពានជ្រោយចង្វារ ដោយបើកស្របទិសគ្នាជាមួយរថយន្តក្រុងខាងលើ ពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុម៉ូតូគាត់បានគេចម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យដៃចង្កូតម៉ូតូទៅប៉ះជាមួយរថយន្តក្រុងខាងលើ ដួលខ្ទាតប្រពន្ធចូលកង់រថយន្តកិនក្បាលស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕